វិមានក្រឹមឡាំង៖ កំណើននាវាចម្បាំងរបស់ណាតូក្នុងតំបន់សមុទ្រខ្មៅ គឺជាការគំរាមកំហែងសន្តិសុខជាតិរបស់រុស្ស៊ី
រុស្ស៊ី៖ មន្រ្តីអ្នកនាំពាក្យរបស់វិមានក្រឹមឡាំង Dmitry Peskov បានបង្ហាញក្តីព្រួយបារម្ភ ចំពោះការកើនឡើងនូវវត្តមាននាវាចម្បាំងរបស់ក្រុមសម្ព័ន្ធមិត្តអង្គការណាតូ នៅឯតំបន់ដែនទឹកសមុទ្រខ្មៅ ដោយលោកចាត់ទុកវត្តមាននាវាចម្បាំងដ៏ច្រើនរបស់ណាតូ ថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់រុស្ស៊ី ពីព្រោះវាបានបង្ហាញពីការចូលរួមពាក់ព័ន្ធរបស់អង្គការណាតូ នៅក្នុងតំបន់ដែនទឹកកំពុងមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ប្រឈមនឹងសកម្មភាពដាក់ពង្រាយនាវាចម្បាំងដោយណាតូ លោក Dmitry Peskov បានបន្តបញ្ជាក់ឱ្យដឹងទៀតថា រុស្ស៊ីមិនអាចទទួលយកបានទេ ចំពោះផែនការដាក់ពង្រាយជាអចិន្ត្រៃយ៍ណាមួយនៃនាវាចម្បាំងរបស់អង្គការណាតូ នៅក្នុងតំបន់សមុទ្រខ្មៅ។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងពិចារណាចាត់វិធានការឆ្លើយតបនានាដែលចាំបាច់ ដើម្បីធានាការពារសន្តិសុខជាតិរបស់ខ្លួន ។
ពាក់ព័ន្ធនឹងរឿងដដែលនេះ លោក Peskov បានបន្តព្រមានចំៗទៅលើប្រទេសប៊ុលហ្គារី និងរូម៉ានី ដែលជាប្រទេសមានព្រំដែនទឹកជាប់នឹងសមុទ្រខ្មៅ និងជារដ្ឋសមាជិកអង្គការណាតូ ដែលបានអនុញ្ញាតឱ្យនាវាចម្បាំងរបស់សម្ព័ន្ធមិត្តណាតូ អាចធើ្វការចេញចូលកំពង់ផែរបស់ខ្លួននៅក្នុងតំបន់សមុទ្រខ្មៅ ដោយលោកនិយាយថា រុស្ស៊ីនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពនាវាចម្បាំងរបស់ណាតូ ដើម្បីត្រៀមចាត់វិធានការឆ្លើយតបឱ្យបានស័ក្កសមសម្រាប់បុព្វហេតុពង្រឹងការការពារដែនអធិបតេយ្យភាពរបស់រុស្ស៊ីទៅថ្ងៃខាងមុខ ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect