ប្រទេសច្រើនជាង៤០ បញ្ជូនកម្លាំងនគរបាលមកកាន់ទីក្រុងប៉ារីស ដើម្បីជួយរក្សាសន្តិសុខសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនាពេលខាងមុខ

បារំាង៖ កាលពីថ្ងៃចន្ទម្សិលមិញ វត្តមានកងកម្លាំងនគរបាលបរទេសរាប់សិបនាក់ត្រូវបានគេដាក់ពង្រាយនៅតាមទីសាធារណៈក្នុងក្រុងប៉ារីសប្រទេសបារាំង ដើម្បីជួយពង្រឹងដល់កិច្ចការរក្សាសន្តិសុខសម្រាប់ការពារព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីស ដែលនឹងត្រូវឈានចូលមកដល់នៅថ្ងៃទី ២៦ កក្កដាខាងមុខនេះ។
កងកម្លាំងសន្តិសុខបរទេសទាំងនោះ រួមមានមកពីប្រទេសប្រេស៊ីល អេស្ប៉ាញ និងកូរ៉េខាងត្បូង ដោយមាន រូបរាងស្រង់សង្ហាបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ក្នុងការថតរូបទុកជាអនុស្សាវរីយ៍។
ភ្ញៀវទេសចរមួយរូបបានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា វត្តមានរបស់ក្រុមនគរបាលបរទេសមកជួយពង្រឹងសន្តិសុខសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសនេះ គឺជាវិធានការដ៏ល្អមួយដែលជួយឱ្យភ្ញៀវទេសចរអន្តរជាតិមានអារម្មណ៍កក់ក្តៅនិងសុវត្ថិភាពក្នុងការចូលរួមទស្សនាព្រឹត្តិការណ៍កីឡាខ្នាតពិភពលោកមួយនេះ។
បើតាមការបញ្ជាក់របស់អាជ្ញាធរបារាំងបានឱ្យដឹងបន្ថែមទៀតថា ប្រទេសអេស្ប៉ាញជារដ្ឋក្បែរខាងរបស់បារាំងបានបញ្ចូនកងកម្លាំងនគរបាលរបស់ខ្លួនសរុបជាង ២០០នាក់ សម្រាប់កិច្ចការយាមល្បាតនៅតាមទីក្រុងសំខាន់ៗមួយចំនួនរបស់បារាំង ខណៈគេរំពឹងថានឹងមានប្រទេសសរុបចំនួន ៤០ គ្រោងនឹងបញ្ចូនកងកម្លាំងសន្តិសុខរបស់ខ្លួនដើម្បីមកជួយអាជ្ញាធរបារាំងក្នុងការថែរក្សាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនៅពេលខាងមុខ។
ជារួម អាជ្ញាធរបារាំងត្រៀមនឹងដាក់ពង្រាយកងកម្លាំងសន្តិសុខចំនួន ៤៥,០០០នាក់ ដែលរួមមានទាំងក្រុមអ្នកបាញ់ស៊ីប កងអន្តរាគមន៍ពិសេស រួមនិងភ្នាក់ងារសន្តិសុខជាច្រើនផ្នែកផ្សេងទៀតសម្រាប់ធានាសុវត្ថិភាពជូនភ្ញៀវទេសចរក្នុងឱកាសព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីសដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦កក្កដា រហូតដល់ថ្ងៃទី ១១សីហាខាងមុខទើបបញ្ចប់៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect


