សង្គម

សម្តេចតេជោ ហ៊ុន សែន ស្នើវៀតណាម បន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ចាប់ពីឆ្នាំ២០២៥ បន្តទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ

image

អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេចតេជោ


ហាណូយ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើទៅភាគីវៀតណាមឱ្យបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា២៥០មេហ្គាវ៉ាត់ចាប់ពីឆ្នាំ២០២៥បន្តទៀត។
ជាការឆ្លើយតបភាគីវៀតណាមយល់ព្រមតាមសំណើរបស់សម្តេចតេជោ ព្រមទាំងគិតគូរផ្តល់ការ ផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀតធអាចចន្លោះពី៤០០មេហ្គាវ៉ាត់ ឬលើស៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននៅក្នុងឧស្សាហកម្ម៤.០។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការលើកស្ទួយ និងលើកកម្ពស់ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ខឿនសេដ្ឋកិច្ចដោយភាគីទាំងពីរនឹងជួយគ្នាក្នុងលក្ខណៈសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក។

ស្របគ្នានេះ ភាគីទាំងពីរកម្ពុជា-វៀតណាមក៏បានយល់ស្របចំពោះសំណើនៃការគិតគូរយកប្រជាជនជាស្នូល ពិសេសការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនីដោយខាងភាគីវៀតណាមទទួលយកសំណើរបស់សម្ដេចតេជោក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា២៥០មេហ្គាវ៉ាត់ចាប់ពីឆ្នាំ២០២៥បន្តទៀត។

សូមបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា២៥០មេហ្គាវ៉ាត់នេះ នឹងត្រូវចុះហត្ថលេខាបន្តនៅឆ្នាំ២០២៥ ហើយអាចនឹងផ្គត់ផ្គង់ឲ្យដល់៤០០មេហ្គាវ៉ាត់ ឬលើសពីនេះទៅទៀតទៅតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕