សង្គម

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធភាពយន្ត រឿង «ប្រវត្តិស្នេហ៍នាងនាថ»

image


ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញជាអធិបតីភាពចូលរួមសម្ពោធភាពយន្ត រឿង “ប្រវត្តិស្នេហ៍នាងនាថ” នៅផ្សារទំនើប K Mall កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងបរិយាកាសដែលមានសិល្បករសិល្បការិនីល្បីៗចូលរួមយ៉ាងច្រើនកុះករនោះ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរ និងលើកទឹកចិត្តដល់ខាងផលិតកម្ម LD និងផលិតកម្មក្នុងស្រុកដទៃទៀត ផលិតភាពយន្តទាក់ទង និងប្រវត្តិសាស្ត្រឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់សកលលោកឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើដល់រាជរដ្ឋាភិបាល ក្នុងការជួយសម្របសម្រួលដល់ក្រុមផលិតកម្មនានាអាចចុះទៅថតនៅទីតាំងប្រវត្តិសាស្ត្រ ឬតំបន់ទេសចរណ៍សំខាន់ៗបាន ។


ដោយឡែក នៅពេលថ្មីៗនេះ សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំជួយជ្រោមជ្រែងវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើន និងឱ្យកាន់តែប្រសើរឡើង ទោះត្រូវពុះពារឧបសគ្គច្រើនយ៉ាងណាក៏ដោយ។


លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD លើកឡើងថា ក្រោយផលិតភាពយន្តរឿងប្រវត្តិស្នេហ៍នាងនាថ បានជោគជ័យក្រុមហ៊ុនលោកក៏នឹងមានគម្រោងផលិតភាពយន្តខ្នាតធំថ្មីជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីយកទៅបញ្ចាំងនៅក្រៅប្រទេស សំដៅផ្សព្វផ្សាយភាពយន្តខ្មែរ និងវប្បធម៌ជាតិកាន់តែធំទូលាយ។


លោក អឿន សុខន តំណាង Investor មានប្រសាសន៍ថា រឿងប្រវត្តិស្នេហ៍នាងនាថ ចាយទុនផលិតអស់១លានដុល្លារ។ លោកបន្ថែមថា រឿងប្រវត្តិស្នេហ៍នាងនាថ ជារឿងមួយដែលដាក់បញ្ចូលនូវវប្បធម៌របស់ជាតិមានដូចជា ការរំលេចនូវល្ខោនស្បែកតូច ក្បាច់គុនល្បុក្កតោ គុនដំបង និងតម្បាញខ្មែរ-ល-។


សូមជម្រាបថា បើតាមគម្រោងភាពយន្តខ្នាតធំរឿង ”ប្រវត្តិស្នេហ៍នាងនាថ” នឹងចាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងស្រុកពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះតទៅ៕



អត្ថបទ៖ សុភៈនារី
រូបភាព៖ លោក អេង សុគុណ លោក ឆាំ បិន