ចិន ជំរុញអាម៉េរិក និងជប៉ុន ឱ្យបញ្ឈប់ចេតនារំខានដល់សុខសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ចិន៖ ក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាម៉េរិក និងជប៉ុន ត្រូវបញ្ឈប់រាល់ការរំខានដល់សុខសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ សំណើរបស់ចិន ធ្វើឡើង ក្រោយពេលសហរដ្ឋអាម៉េរិក និងជប៉ុន ចេញផ្សាយសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់ចិន បន្ទាប់ពីកិច្ចពិភាក្សា ២+២ របស់ពួកគេ នៅឯទីក្រុងតូក្យូ កាលពីដើមសប្តាហ៍នេះ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា សេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក ខ្វះខាតមូលដ្ឋានជាក់ស្តែងទាំងស្រុង។ សេចក្តីថ្លែងការណ៍នេះ មានអត្ថន័យជាចេតនាវាយបក និងវាយប្រហារគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ចិន ហើយជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។ សេចក្តីថ្លែងការណ៍ដដែល បានចោទប្រកាន់ចិនលើបញ្ហាដែនសមុទ្រទាំងមិនមានភាពពិតប្រាកដ ទាំងដែលចិនព្យាយាមអភិវឌ្ឍន៍ និងការពារដោយយោធារបស់ខ្លួនជាធម្មតា។ គោលនយោបាយនេះ ផ្សព្វផ្សាយរឿងនិទានបែបប្រឌិត ដោយនិយាយថា ជា 'ការគំរាមកំហែងរបស់ចិន' រួមទាំងប្រើយុទ្ធសាស្ត្របន្លាចអំពីភាពតានតឹងនៅក្នុងតំបន់ ទាំងអស់នេះហើយ ដែលប្រទេសចិនមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់ខាត» ។
ដោយកត់សម្គាល់ថា ប្រទេសចិនតែងតែជាកម្លាំងសម្រាប់សន្តិភាពពិភពលោក ដែលជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍សកលលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ លោក Lin Jian បាននិយាយថា ប្រទេសចិនបានប្តេជ្ញាចិត្តចំពោះមាគ៌ានៃការអភិវឌ្ឍន៍ដោយសុខសន្តិភាព និងគោលនយោបាយការពារជាតិរបស់ខ្លួនជានិច្ច។
អ្នកនាំពាក្យរូបនេះ បានលើកឡើងជាបន្តថា ការអភិវឌ្ឍន៍វិស័យការពារជាតិ និងសកម្មភាពយោធារបស់ចិន មានភាពយុត្តិធម៌ និងសមហេតុផល ហើយចិនតែងតែរក្សាការពារកម្លាំងនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងកម្រិតអប្បបរមា ដែលជាតម្រូវការសម្រាប់សន្តិសុខជាតិ ហើយមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ។
«ទាំងជប៉ុននិងសហរដ្ឋអាម៉េរិក សុទ្ធតែនិយាយថា ខ្លួនព្យាយាមដើម្បីផលប្រយោជន៍សន្តិសុខប្រទេសដទៃ និងសុខុមាលភាពរបស់ប្រជាជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ហើយ «ជប៉ុន និងសហរដ្ឋអាម៉េរិក នៅតែបន្តសង្កត់ធ្ងន់លើសន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់ក្នុងតំបន់ដោយផ្អែកលើច្បាប់» ប៉ុន្តែជាក់ស្តែង ពួកគេកំពុងព្យាយាមប្រមូលផ្តុំអំណាចជាក្រុម ចូលរួមនយោបាយញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងប្លុក និងរំខានដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ។ លើសពីនេះ ជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងខ្នះខ្នែងពង្រឹងមហិច្ឆតាសង្គ្រាមត្រជាក់ ពង្រីកឥទ្ធិពលនុយក្លេអ៊ែរ ដែលជំរុញភាពតានតឹងក្នុងតំបន់ និងបង្កហានិភ័យជម្លោះពាក់ព័ន្ធនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ ។
លោកបានចង្អុលបង្ហាញថា បញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ហុងកុង តំបន់ស៊ីនជាំង និងតំបន់ស៊ីហ្សាង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយមិនគួរមានការជ្រៀតជ្រែកពីប្រទេសខាងក្រៅឡើយ ។
លោក Lin បានរៀបរាប់ទៀតថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពឆ្លងកាត់ច្រកសមុទ្រនាពេលបច្ចុប្បន្ន គឺជាចេតនាចង់បំបែកខ្លួនដោយកងកម្លាំង 'ឯករាជ្យតៃវ៉ាន់' និងការព្យាយាមជំរុញពីខាងក្រៅ ដែលពួកគេទទួលបានផលប្រយោជន៍។ ទោះជាបែបណាក្តី ពួកគេគួរតែរក្សាគោលការណ៍ចិនតែមួយ ប្រឆាំងរាល់ការប៉ុនប៉ងបំបែកខ្លួនរបស់ "តៃវ៉ាន់" និងគាំទ្រឱ្យមានការបង្រួបបង្រួមជាតិចិនឡើងវិញ ។
លោក Lin បានអះអាងថា ប្រទេសចិននឹងតែងតែការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ រួមទាំងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយប្តេជ្ញាដោះស្រាយឱ្យបានត្រឹមត្រូវនូវបញ្ហាដែនសមុទ្រទ្វេភាគី ជាមួយបណ្តាប្រទេសពាក់ព័ន្ធដោយផ្ទាល់ តាមរយៈមធ្យោបាយសន្ទនា និងពិគ្រោះយោបល់ដោយសន្តិវិធី។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពបង្កហេតុពិតប្រាកដ គឺការជ្រៀតជ្រែកឥតឈប់ឈរដោយសហរដ្ឋអាម៉េរិក និងប្រទេសដទៃទៀតនៅខាងក្រៅតំបន់ តាមរយៈការបង្ហាញកម្លាំងសាច់ដុំរបស់ពួកគេ នៅក្នុងដែនទឹករបស់ចិន រួមទាំងសមុទ្រចិនខាងកើត និងខាងត្បូងផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងជាថ្មីថា "ចិនអំពាវនាវឱ្យសហរដ្ឋអាម៉េរិក និងជប៉ុន ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន បញ្ឈប់គោលបំណងបង្កើតឱ្យមានការប្រឈមមុខដាក់គ្នា បញ្ឈប់ចិត្តគំនិតបង្កសង្គ្រាមត្រជាក់ជាបន្តទៀត ដោយធ្វើអ្វីដែលអំណោយផលដល់ស្ថិរភាពជាយុទ្ធសាស្ត្រនៅក្នុងតំបន់ ហើយកុំធ្វើឱ្យខ្លួនក្លាយជាប្រភពគ្រោះថ្នាក់ និងរំខានដល់សន្តិភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect