សង្គម

សម្ដេចតេជោ ហ៊ុន សែន៖ មរណភាពអាកាសយានិកទាំងពីររូប ជាការបាត់បង់យុទ្ធជនកម្ពុជា​ អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង​ក្នុងបេសកកម្មបម្រើជាតិ​​ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ​

image


អត្ថបទ៖ CNC
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន​ ​


ព្រម ទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃព្រឹទ្ធសភា មានសេចក្តី ក្រៀមក្រំជាទីបំផុត និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំ និងមន្ត្រីតាមបណ្តាខេត្តពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរំលែកទុក្ខពោរពេញដោយក្តីសោកស្តាយអាឡោះអាល័យជាមួយក្រុមគ្រួសារ របស់លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិកនៃ កងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុង ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្ដេចតេជោ ហ៊ុន សែន​ ​បានចាត់ទុក មរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា មិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់យុទ្ធជនកម្ពុជា ប្រកបដោយ សេចក្តីមោះមុត អង់អាចក្លាហាន ដែលបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការ ខ្ពស់ក្នុងបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី កម្ពុជាយើង។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន​ ​ក៏សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំ និងមន្ត្រីខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំង ប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រនិងសពអាកាសយានិកទាំងពីររូប។ នេះជា សក្ខីភាពអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិយើងក្នុងការដោះ ស្រាយឧបទ្ទវហេតុដែលកើតមានឡើង ទោះក្នុងកាលៈទេសៈណាក៏ដោយ៕