ព័ត៌មានជាតិ

យោធារុស្ស៊ី បង្កើនការបាញ់ផ្លោងបន្តទៅលើភូមិសាស្រ្តជុំវិញតំបន់ដុននេតភាគខាងកើត បង្កឱ្យពលរដ្ឋអ៊ុយក្រែន ភៀសខ្លួនចេញរកទីសុវត្ថិភាព

image


រុស្ស៊ី៖ បើតាមពលរដ្ឋអ៊ុយក្រែនរស់នៅតាមទីប្រជុំជនជុំវិញទីក្រុង ផូក្រូស (Porkovsk) ក្នុងភូមិសាស្រ្តតំបន់ដុននេតភាគខាងកើតប្រទេស បានបញ្ជាក់ឱ្យដឹងថា យោធារុស្ស៊ីបានបង្កើនការបាញ់ផ្លោងកាន់តែខ្លាំងឡើងៗដោយឥតឈប់ឈរទៅលើតំបន់រស់នៅរបស់ពួកគេ គិតត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលញាំងពលរដ្ឋឱ្យសម្រេចចិត្តភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេរកកន្លែងមានសុវត្ថិភាព។
ពលរដ្ឋអ៊ុយក្រែនមួយរូបជាអ្នកស្រុកក្នុងទីប្រជុំជន ថូរ៉េស (Toretsk) ភាគខាងកើតទីក្រុងផូក្រូស បានរៀបរាប់ថា លោកស្រីបានបាត់បង់កូនស្រីជាទីស្រលាញ់មួយរូបដោយសារគ្រាប់ផ្លោងរបស់រុស្ស៊ីនេះ ខណៈបច្ចុប្បន្នលោកស្រីបានភៀសខ្លួនមករស់នៅក្នុងជុំរំបណ្តោះអាសន្នមួយកន្លែងស្ថិតនៅឆ្ងាយពីតំបន់សមរភូមិក្តៅ។
ពាក់ព័ន្ធនឹងស្ថានការណ៍សង្គ្រាមនេះដែរ បើតាមលោកអភិបាលតំបន់ Donetsk ភាគីអ៊ុយក្រែនបានរាយការណ៍ឱ្យដឹងកាលពីចន្ទថា មានពលរដ្ឋក្នុងទីប្រជុំជន ថូរ៉េស យ៉ាងហោចណាស់ ៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសដោយសារតែការបាញ់ផ្លោងនិងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី។ ខណៈស្ថានការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែននិងរុស្ស៊ីនៅតាមសមរភូមិជួរមុខក្នុងភូមិសាស្រ្តក្បែរតំបន់ទីក្រុង ផូក្រូស នៅតែមានសភាពខ្លាំងក្លា ស្របពេលរុស្ស៊ីហាក់បានកំណត់កម្មវត្ថុវាយដណ្តើមកាន់កាប់ទីក្រុងយុទ្ធសាស្រ្តមួយនេះដើម្បីងាយស្រួលក្នុងការវាយបំបែកខ្សែបន្ទាត់ការពាររបស់អ៊ុយក្រែននៅតាមទីប្រជុំជនសំខាន់ៗដទៃទៀតជាឧបសគ្គក្នុងការវាយសម្រុកទៅមុខរបស់ទាហានរុស្ស៊ី។
តំបន់យុទ្ធសាស្រ្តទាំងនោះរួមមាន ទីក្រុងឆាស៊ីវយ៉ា និងទីក្រុងកូស្តៀនធីវីកា ស្ថិតក្នុងតំបន់ដុននេតភាគខាងជើង ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការប៉ុនប៉ងវាយបំបែកជាច្រើនសាររបស់ទាហានរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានដណ្តើមកាន់កាប់ទីក្រុង អាឌីវីកា ជាទីក្រុងដ៏ធំជាងគេនៅកណ្តាលបេះដូងនៃតំបន់ដុននេតកាលពីចុងខែកុម្ភៈកន្លងទៅ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect