ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ក្រោមការដឹកនាំរបស់ខ្ញ៉ំ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគបន្ថែមទៀតក្នុងការពង្រឹងសមត្ថភាពដល់ស្រ្តី

image


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ក្រោមការដឹកនាំរបស់ខ្ញ៉ំ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគបន្ថែមទៀតក្នុងការពង្រឹងសមត្ថភាពដល់ស្រ្តី "។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសហគ្រិនស្ត្រីឆ្នើម អាស៊ានឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងថា "រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ខ្ញុំ នឹងបន្តវិនិយោគ លើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះ គ្រប់ឧបសគ្គ ដែលបន្ទច់បង្អាក់ដំណើររបស់យើង ។ យើងនឹងបន្តបណ្តុះវប្បធម៌អបអរសាទរ សមិទ្ធផលរបស់ស្ត្រី, លើកទឹកចិត្តស្ដីឱ្យចូលរួមក្នុងគ្រប់ទិដ្ឋភាពនៃជីវិត, និងធានាថាសំឡេង របស់ស្ត្រី ត្រូវបានស្តាប់ឮ ហើយការរួមចំណែករបស់ស្ត្រី ត្រូវបានឱ្យតម្លៃ "។
សម្តេចធិបតី បានបញ្ជាក់ថា "រដ្ឋាភិបាលអាស៊ាន រួមទាំងកម្ពុជា ទទួលស្គាល់បញ្ហាប្រឈមរបស់សហគ្រិនស្ត្រី និងយល់ពីតួនាទីដ៏សំខាន់របស់ ស្ត្រី ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច ។ ក្នុងន័យនេះ, យើង បាន និងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការយកឈ្នះលើឧបសគ្គទាំងនេះ ជាក់ស្ដែង, ការបង្កើត AWEN និង CamWEN ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាបង្ហាញពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ។កម្ពុជា តែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងសង្គម និងសេដ្ឋកិច្ច "។
សូមជំរាបថា ដើម្បីដោះស្រាយបញ្ហាភាពមានកម្រិតនៃការទទួលបានហិរញ្ញប្បទានរាជរដ្ឋាភិបាល បានអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយចំនួន ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី ដូចជា : ការដាក់ឱ្យ ដំណើរការ គម្រោងហិរញ្ញប្បទានសហគ្រិនស្ត្រី តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ, និងការ- ដាក់ឱ្យប្រើប្រាស់ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈសាជីវកម្មធានា ឥណទានកម្ពុជា (CGCC) ដើម្បីផ្ដល់ការធានាឥណទានជាមួយនឹងលក្ខខណ្ឌអំណោយផល សំដៅជំរុញឱ្យស្ថាប័នផ្តល់ឥណទាន គាំទ្រដល់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី ។ បន្ថែម លើនេះ, ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី, រាជរដ្ឋាភិបាល បានដាក់ចេញនូវ ផែនការ នារីរតនៈទី ៦ : ផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្រប តាមច្បាប់, គោលនយោបាយជាតិ, ការកែទម្រង់របស់រាជរដ្ឋាភិបាល និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់ ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត