លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ សមិទ្ធផលកើតឡើងទាំងពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើនដូចបច្ចុប្បន្ន គឺដោយសារកត្តាសុខសន្តិភាព
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោកបានលើកឡើងថាសមិទ្ធិផលទាំងពុទ្ធចក្រនិងអាណាចក្រកើតឡើងនៅពេលបច្ចុប្បន្ននេះគឺដោយសារកត្តាសុខសន្តិភាព។ លោកមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ លោកបាននាំប្រសាសន៍សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចទាំងពីរបានជួយកសាងនូវសមិទ្ធិផលនានានៅទូទាំងប្រទេស ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដែលជាចក្ខុវិស័យក្នុងការអភិវឌ្ឍនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រមទាំងបានដាក់ឲ្យអនុវត្តនូវកម្មវិធីកំណែទម្រង់ ការធ្វើទំនើបកម្មដល់កងកម្លាំងប្រដាប់អាវុធ ឲ្យមានគុណភាព សមត្ថភាព រក្សាបានូវសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ ដែលជាភារកិច្ចស្នូលរបស់កងកម្លាំងរបស់យើង ព្រមទាំងអគុណពូ អ៊ុំ ជាមន្ត្រីយោធិនចូលនិវត្ត ដែលបានបំពេញការងារភារកិច្ចហ៊ានលះបង់កម្លាំងកាយចិត្តក្នុងស្មារតីការពារជាតិ មាតុភូមិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ការពារអធិបតេយ្យភាព ។
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានលើកឡើងថា សមិទ្ធផលដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នាឱកាសនេះ រួមមាន៖ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ អគារគិលានដ្ឋានចំនួន១ខ្នង អគារផ្ទះបាយ ១ខ្នង អគារទីបញ្ជាការផ្នែកសឹករងព្រះសីហនុ ១ខ្នង អគារទីបញ្ជាការផ្នែកសឹករងកំពង់សិលា ១ខ្នង អគារទីបញ្ជាការ ១ខ្នង កងអនុសេនាធំទី៣ អគារស្នាក់នៅវរសេនាតូចលេខ១ អគារស្នាក់នៅផ្នែកសឹករងស្រុកព្រៃនប់ ក្រៅពីសមិទ្ធិផលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អង្គភាពក៏ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជននានា និងការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងការឆ្នៃប្រឌិតបន្ថែមរបស់អង្គភាពមានដូចជា ផ្លូវបេតុងចូលអគារផ្ទះបាយ ដាំផ្កា, ជួសជុលប៉ុស្តិ៍យាម, ធ្វើផ្ទាំងប៉ាណូដាក់តាំងរូបភាពបន្ថែម, ចាក់ដីបំពេញបន្ថែមអគារថ្មីទាំង២, ចាក់បេតុងធ្វើផ្លូវខាងមុខអគារគិលានដ្ឋាន, ជួសជុលអគារទីបញ្ជាការ និងបានសាងសង់សមិទ្ធផលថ្មីៗជួសជុលសមិទ្ធផលចាស់មួយចំនួនទៀត ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអបអរសារទរសមិទ្ធិផលថ្មីសម្រាប់នាយ នាយរង និងពលទាហាននិ ងបានកោតសរសើរវាយ តម្លៃការដឹកនាំរបស់មេបញ្ចាការរងសឹកព្រះសីហនុ ជាសិល្ប:កៀគរថវិកា និងការចែករំលែកលើកទឹកចិត្ត កសាងថែទាំអង្គភាព ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច និងជាសសៃឈាមសេដ្ឋកិច្ចមួយមានការអភិវឌ្ឍលឿន យើងត្រូវរួមគ្នាថែរក្សាការគ្រប់គ្រងឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលបានជំរុញធ្វើទំនើបកម្មលើវិស័យជើងទឹក ជើងអាកាស ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែន ទន្ទឹមនោះយើងត្រូវមានកិច្ចសហការជាមួយប្រទេសជិតខាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលជាថ្នាក់ដឹកនាំមានសមត្ថភាព ថាមពលស្វាហាប់ មានទិសដៅផែនការច្បាស់លាស់បាននឹងកំពុងរៀបចំកែទម្រង់លើវិស័យមួយចំនួនឲ្យមានការវិវត្តលឿន ហើយអ្វីដែលនៅខ្វះខាតយើងត្រូវរួមគ្នាពង្រឹងពង្រីកបន្ថែមទៀតក្នុងការធ្វើទំនើបកម្ម ហ្វឹកហ្វឺន ពង្រឹងគុណភាពវិស័យការពារជាតិ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានធ្វើការអំពាវនាវចាត់ទុកគ្រឿងញៀនជាសត្រូវរបស់យើងទាំងអស់គ្នា សូមកុំប៉ះពាល់ កុំពាក់ព័ន្ធ និងគ្រឿងញៀន នាកាលនោះលោក ក៏បាននាំយកអំណោយសម្តេចធិបតី ឧបត្តមជូននិវត្តជនចំនួន ១០០នាក់ ក្នុងម្នាក់អង្គរ ២៥គីឡូក្រាម មី ទឹកត្រី ត្រីខ និងថវិកាម្នាក់ ៥ម៉ឺនរៀល ៕
ដោយ ៖ ប៉ៃ សុឃីម