សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ប្រាក់ដុល្លាអាមេរិកដែលចាស់ ឬរហែកតិចតួចអាចប្តូរដោយមិនកាត់ទឹកនៅទូទាំងប្រទេស

image

អត្ថបទ ៖ ហ៊ន សុភ័ក្រ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា "ប្រាក់ដុល្លាអាមេរិកដែលចាស់ ឬរហែកតិចតួចអាចប្តូរដោយមិនកាត់ទឹកនៅទូទាំងប្រទេស"។ ការប្រកាសនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅដឹព្រីមមៀ សេនធើ សែនសុខ រាជធានីភ្នំពេញ។

សម្តេចធិបតីបានបញ្ជាក់ថា មានការលើកឡើងជាសំនួរថា ហេតុអ្វីបានជាលុយចាស់ ឬរហែកខ្លះអាចចាយនៅតែសៀមរាបដោយមិនកាត់ទឹក ហេតុអ្វីបានជាមិនអនុវត្តន៍ទូទាំងប្រទេស? ។
សម្តេចីបតី ហ៊ុន ម៉ាណែត បានបន្តថា ការអនុវត្តន៍នៅខេត្តសៀមរាបកន្លងទៅនេះជាការសាកល្បង ។ ប៉ុន្តែក្រោយពីសម្តេចបានពិភាក្សាជាមួយលោកជំទាវទេសាភិបាលធនាគារជាតិរួចមក ក៏សម្រេចថា អនុវត្តន៍ទូទាំងប្រទេសតែម្តង។ សម្តេចធិបតី ក៏បានស្នើស៉ំធនាគារទាំងអស់ជួយយោគយល់ចំពោះករណីនេះ។

យ៉ាងណាក៏ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ពលរដ្ឋ និងសាធារណជនទូទៅចូលរួមប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ និងជាអត្តសញ្ញាណជាតិឱ្យបានច្រើនផងដែរ៕