សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញ៉ំសូុមធានាថា កិច្ចសហប្រតិបត្តិការណ៍នានា ជាពិសេស CLV មិនធ្វើឲ្យបាត់ទឹកដីកម្ពុជានោះទេ
អត្ថបទ ៖ ហ៊ន សុភ័ក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា "ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញ៉ំសូុមធានាថា កិច្ចសហប្រតិបត្តិការណ៍ នានា ជាពិសេស CLV មិនឲ្យបាត់ទឹកដីកម្ពុជានោះទេ"។ ការប្រកាសនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅដឹព្រីមមៀ សេនធើ សែនសុខ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធានារបស់ខ្ញ៉ំតើមានអ្វីមកធានា ការធានានោះគឺកូនចៅ សម្តេចតែម្តង ។ សម្តេចបញ្ជាក់ថា សម្ដេចមិនយកសញ្ជាតិបរទេសនោះទេហើយសន្យាថាកូនចៅ និងចៅទួតរបស់សម្ដេច នឹងបន្តរស់នៅលើទឹកដីខ្មែរជារៀងរហូត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា "ការអភិវឌ្ឍ CLV - DTA មិនធ្វើឱ្យបាត់បង់ទឹកដី និងអធិបតេយ្យរបស់ប្រទេសកម្ពុជានោះទេ"។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរុញសភាពការណ៍គឺអនុវត្តតាមបង់ក្លាដេស ដែលបង្កឱ្យមានភាពវឹកវរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "មានមនុស្សមួយចំនួនតូចបានរុញសភាពការណ៍ឲ្យសភាពការណ៍នេះឲ្យជ្រុល ដោយរុញឲ្យប្រឆាំង បាតុកម្មជាដើម "។ សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទជាសំណួរទៅដល់អ្នកដែលដឹងគ្រប់រឿងថា ហេតុអ្វីបានជាមិនលើកឡើងតាំងពីឆ្នាំ ១៩៩៩? ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា "កិច្ចព្រមព្រៀង តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមមិនមានកិច្ចព្រមព្រៀងណា និយាយអំពីការកាត់ដី ឬដោះដូរដីឱ្យប្រទេសណាមួយទេ"។
ពាក់ព័ន្ធនឹងការការពារទឹកដី សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា ការបោះបង្គោលព្រំដែន ត្រូវធ្វើឱ្យច្បាស់ ជាពិសេសតំបន់ព្រំដែនកម្ពុជានឹងបន្តការរីកចំរើនជាបន្តទៀតផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋយើង។
សូមជំរាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមគំនិត បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ CLV DTA ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រី វៀតណាម។ គោលបំណង១- ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាមលើផ្នែក បរិស្ថាន កសិកម្ម រចនាសម្ព័ន្ធផ្លូវ គមនាគមន៍។ ២- រិះរកមធ្យោបាយយ៉ាងណា ក្នុងការធ្វើឱ្យប្រសើរឡើង នូវការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាងប្រទេស ទាំងបីក្នុងតំបន់ត្រីកោណនោះ។ ៣- រិះរកមធ្យោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅប្រទេសទាំងបី។ ៤- ធ្វើយ៉ាងណាទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។ ៥- ពង្រឹងការឯកភាពគ្នា ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌប្រទេសអាស៊ាន។ ៦- ពង្រឹងសហប្រតិបត្តិការទប់ស្កាត់ការត់ពន្ធគ្រឿងញៀន និងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕