ប្រេស៊ីល នឹងគ្រប់គ្រងស្ថានទូតប៉េរូនិងអាហ្សង់ទីនជាបណ្តោះអាសន្ន ក្រោយវេណេហ្ស៊ូអ៊ីឡា បណ្តេញមន្ត្រីទូតដែលរិះគន់លទ្ធផលបោះឆ្នោតចេញពីប្រទេស
វេណេហ្ស៊ូអ៊ីឡា៖ ជុំវិញភាពវឹកវរពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីវេណេហ្ស៊ូអ៊ីឡាដដែលនេះ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប្រេស៊ីល បានកាន់កាប់និងគ្រប់គ្រងស្ថានទូតប៉េរូ និងអាហ្សង់ទីននៅក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា ជាបណ្តោះអាសន្ន បន្ទាប់ពីអាជ្ញាធរវេណេហ្ស៊ូអ៊ីឡា បានបណ្តេញមន្ត្រីទូតរបស់ប្រទេសទាំងពីរ (ប៉េរូ និងអាហ្សង់ទីន) ដោយសារតែការរិះគន់ចំពោះលទ្ធផលបោះឆ្នោត ។
ជាបណ្តោះអាសន្ន ប្រទេសប្រេស៊ីល នឹងជួយសម្របសម្រួលលើបញ្ហាទាក់ទងនឹងពលរដ្ឋប៉េរូ និងអាហ្សង់ទីន នៅក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា ។ ក្រៅពីប៉េរូ និងអាហ្សង់ទីន អាជ្ញាធរវេណេហ្ស៊ូអ៊ីឡា ក៏បានបណ្តេញអ្នកការទូតរបស់ប្រទេសចំនួន ៦ ផ្សេងទៀត រួមមាន ឈីលី កូស្តារីកា ប៉ាណាម៉ា សាធារណរដ្ឋដូមីនីកែន និងអ៊ុយរូហ្គាយ ពាក់ព័ន្ធនឹងការរិះគន់ចំពោះលទ្ធផលបោះឆ្នោត។ រដ្ឋធានីការ៉ាកាស ក៏បានប្រកាសផ្តាច់ទំនាក់ទំនងយ៉ាងដាច់ខាត ជាមួយប្រទេសប៉េរូ បន្ទាប់ពីរដ្ឋធានីលីម៉ា ទទួលស្គាល់មេដឹកនាំបក្សប្រឆាំង អ៊ែដមុនដូ ហ្គនហ្សាឡេហ្ស (Edmundo Gonzalez) ជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសវេណេហ្ស៊ូអ៊ីឡា ។
ទន្ទឹមនឹងនេះ ស្ថានកុងស៊ុលនៅក្នុងទីក្រុងការ៉ាកាស គឺទទេស្អាត និងគ្មានទង់ជាតិបរទេសសូម្បីតែមួយ ដោយប្រភពមួយរូប បានរៀបរាប់ថា កិច្ចការរបស់ស្ថានកុងស៊ុលនឹងផ្អាកមួយរយៈរហូតដល់មានការជូនដំណឹងបន្ថែម ។
បណ្តាប្រទេសមួយចំនួនស្ថិតនៅតំបន់អាម៉េរិកខាងជើងនិងខាងត្បូង រួមទាំងប្រទេសមហាអំណាចក្នុងតំបន់ ដូចជាប្រេស៊ីល និងសហរដ្ឋអាម៉េរិក កំពុងព្យាយាមដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ (Maduro) ឱ្យបង្ហាញចំនួនសរុបនៃលទ្ធផលបោះឆ្នោត ជាអ្វីដែលរដ្ឋាភិបាលរបស់លោក មិនទាន់បានធ្វើនៅឡើយទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect