សម្តេចតេជោ ហ៊ុន សែន៖ កុំយកសភាពការណ៍នៅបង់ក្លាដេស មកប្រៀបធៀបនឹងសភាពការណ៍នៅកម្ពុជា
ភ្នំពេញ៖ តាមរយៈសារសំឡេង ដែលទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលេីកឡេីងថា កុំយល់ច្រឡំចំពោះសភាពការណ៍នៅបង់ក្លាដេស និងសភាពការណ៍នៅកម្ពុជា គឺមិនដូចគ្នាទេ។ ត្រង់ចំណុចនេះត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនមានការភ្លាត់ភ្លាំងទៅដោយប្រការណាមួយនឹងអាចនាំឱ្យរងនូវការគ្រោះថ្នាក់ ដោយរឿងនេះវាមិនអាចទៅរួចទេ។ សារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ចង់សំដៅទៅក្រុមប្រឆាំងដែលចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលពួកគេកំពុងបំផុសពលរដ្ឋឱ្យយកតាមសភាពការណ៍នៅបង់ក្លាដេស។
សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងយ៉ាងដូច្នេះថា៖ «បងប្អូនកំពុងតែខិតខំតាមការញុះញង់ពីអ្នកនៅក្រៅប្រទេស ក្នុងនោះយេីងស្តាប់បានហេីយសំឡេង លោកផែង វណ្ណា ពីក្រៅប្រទេស ដេីម្បីឱ្យបងប្អូនឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាលតាមផ្លូវកាត់មួយ ដែលមិនមែនជាដំណេីរការប្រជាធិបតេយ្យពិតប្រាកដ។ បងប្អូនចង់ប្រៀបធៀបកម្ពុជាជាមួយនឹងបង់ក្លាដេស ប្រហែលជាបងប្អូនយល់ច្រឡំ ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបេីបងប្អូនភ្លាត់ភ្លាំងទៅដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់ រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ប្រទេសណាក៏ដោយ ក្នុងតម្លៃណាក៏ដោយ បងប្អូនមានត្រឹមប៉ុន្មាននាក់ ដេីម្បីបំផ្លាញនូវសន្តិភាពរបស់ប្រជាជនរាប់លាននាក់ មិនមែនជាជម្រេីសដែលបងប្អូនត្រូវធ្វេីទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់នៅពេលបងប្អូនធ្វេីដំណេីរមកកាន់បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាល។ បន្ទាត់ក្រហមនៅទីនេះមាន រដ្ឋធម្មនុញ្ញចែងហេីយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ យេីងទទួលយកនូវការកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី យេីងកង្វល់អំពីបងប្អូនស្តីពី ឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមេីលឱ្យច្បាស់ តេីវាដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ឱ្យបងប្អូនធ្វេីនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ការច្បិចយកនូវបញ្ហាCLV ដែលសម្តេចគួរតែបញ្ជាក់ប្រាប់ថា CLVបានកេីតអស់រយៈពេល២៥ឆ្នាំមកហេីយ ហេីយក៏មានមនុស្សមួយចំនួនកេីតមិនទាន់CLVនេះផង តេីCLVបានបំផ្លាញអ្វេីខ្លះហេីយឬនៅ? ដែលកាលពីពេលនោះប្រទេសកម្ពុជាគឺក្រីក្រណាស់ ការធ្វេីដំណេីរពីរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ទម្រាំមកដល់ខេត្តក្រចេះ កំពង់ចាម និងភ្នំពេញ ត្រូវចាយពេលច្រេីនណាស់។ បច្ចុប្បន្ន ប្រជាពលរដ្ឋនៅទីនោះកំពុងទទួលបាននូវផលប្រយោជន៍អំពីបញ្ហាសេដ្ឋកិច្ច សង្គម ដោយមានការតភ្ជាប់យ៉ាងល្អទៅលេីផ្លូវ បណ្តាញអគ្គិនី ប្រព័ន្ធទឹកស្អាតនៅតំបន់មួយចំនួន និងមួយចំនួនមិនទាន់បានទៅដល់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអភិវឌ្ឍតំបន់ត្រីកោណ(CLV) មិនមែនជាការកាត់ដីទៅឱ្យជនជាតិបរទេសណាមួយទេ ហេីយក៏មិនមែនដាក់ជាភាគហ៊ុនដែរ។ ត្រូវចាំឱ្យច្បាស់នូវពាក្យ«អភិវឌ្ឍន៍រួម និងសហប្រតិបត្តិការ»។ ចំពោះការអភិវឌ្ឍរួមកម្ពុជាមិនបានធ្វេីទេ ព្រោះរដ្ឋាភិបាលកម្ពុជា គ្មានសិទ្ធិនឹងយកដីខ្មែរទៅដាក់រួមជាមួយនឹងប្រទេសណាមួយទេ។
រាជរដ្ឋាភិបាលគ្មានចេតនាដេីម្បីបង្កេីតតំបន់នោះឱ្យទៅជាតំបន់ស្វយ័ត ដោយកាត់មួយភាគរបស់កម្ពុជា មួយភាគរបស់ឡាវ មួយភាគរបស់វៀតណាម ឱ្យកេីតជាតំបន់ស្វយ័ត ឬជាប្រទេសមួយក៏អត់មានដែរ។ ប្រទេសខ្មែរគ្រប់គ្រងដោយខ្មែរ វៀតណាមដោយវៀតណាម ឡាវគ្រប់គ្រងដោយឡាវ ប៉ុន្តែប្រទេសទាំង៣មានកិច្ចសហប្រតិបត្តិការគ្នានៅទីនោះ ដេីម្បីពន្លឿនដល់ការអភិវឌ្ឍ។ ការអភិវឌ្ឍមួយដែលអាចធ្វេីទៅបានគឺទាមទាឱ្យមានកិច្ចសហប្រតិបត្តិការគ្នានៅជិតខាង ហេីយកិច្ចសហប្រតិបត្តិការនេះមិនមែនធ្វេីតែនៅតំបន់ត្រីកោណនោះទេ គឺធ្វេីនៅទូទាំងព្រំដែនវៀតណាម ថៃ និងឡាវ ដែលមានភូមិជាប់គ្នានៅព្រំដែន ដូចជាការតភ្ជាប់ផ្លូវសម្រាប់ឆ្លងកាត់ដឹកទំនិញទៅវិញទៅមក ដែលពលរដ្ឋត្រូវធ្វេីពាណិជ្ជកម្មជាមួយគ្នា ឬដឹកទំនិញឆ្លងកាត់សម្រាប់ធ្វេីការនាំចេញ ជាដេីម៕