ព័ត៌មានអន្តរជាតិ

សាលារៀនជាច្រើននៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាត្រូវបានបិទទ្វារដោយសារគុណភាពខ្យល់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់

image

រដ្ឋាភិបាលនៅក្នុងរដ្ឋធានី ញូ ដេលី (New Delhi) នៃប្រទេសឥណ្ឌាបានណែនាំឲ្យបន្តបិទទ្វារសាលារៀនរយៈពេល២ថ្ងៃទៀតនៅពេលដែលគុណភាពខ្យល់ក្នុងទីក្រុងនេះបានឈានដល់កម្រិតគ្រោះថ្នាក់នៅថ្ងៃព្រហស្បតិ៍នេះ។

សន្ទស្សន៍គុណភាពខ្យល់នៅស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសឥណ្ឌាស្ថិតនៅកម្រិត៤៥៨ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ស្ថិតនៅកម្រិតលើសពី៦០គឺត្រូវបានគេកំណត់ថាប៉ះពាល់ដល់សុខភាព។

សិស្សសាលាបានត្អូញត្អែរថាការបិទទ្វារសាលារៀនដោយសារការបំពុលខ្យល់បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេនិងបង្កការលំបាកដល់ពួកគេក្នុងការចេញក្រៅផ្ទះ។ មនុស្សមួយចំនួនដែលបានចេញទៅខាងក្រៅនៅពេលព្រឹកព្រលឹមបាននិយាយថាពួកគេមានបញ្ហាពិបាកដកដង្ហើមនិងក្រហាយភ្នែកនៅពេលដែលរថយន្តបានបើកបរដោយបើកភ្លើងហ្វារព្រោះពិបាកក្នុងការមើលផ្លូវឆ្ងាយ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅពេលដែលរដូវរងានៅក្នុងប្រទេសឥណ្ឌាបានចូលមកដល់, កសិករនៅក្នុងរដ្ឋពុនចាប់ (Punjab) និងរដ្ឋហារីយ៉ាណា (Haryana) ដែលជាតំបន់កសិកម្មដ៏សំខាន់បានដុតជញ្ជ្រាំងស្រូវនៅតាមវាលស្រែដើម្បីរៀបចំសម្រាប់រដូវសាបព្រោះ។ ផ្សែងដែលចេញពីវាលស្រែនោះរួមផ្សំជាមួយផ្សែងរថយន្តនិងធូលីដីនៅតាមការដ្ឋានសំណង់បានធ្វើឲ្យរដ្ឋធានីញូ ដេលី ក្លាយជារដ្ឋធានីដែលមានការបំពុលខ្យល់ខ្លាំងជាងគេបំផុតនៅលើពិភពលោក៕