អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញសមិទ្ធផលលេចធ្លោធំៗចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានរយៈពេល១ឆ្នាំមកនេះ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឡើងមកដឹកនាំប្រទេសកម្ពុជា មានរយៈពេល ១ឆ្នាំគត់ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីបង្ហាញពីសមិទ្ធផលរយៈពេល១ឆ្នាំមកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេល១ឆ្នាំមកនេះ ប៉ុន្តែលោកបានរំលេចតែសមិទ្ធផលធំៗ លេចធ្លោចំនួន ៦ប៉ុណ្ណោះ។
សមិទ្ធផលលេចធ្លោទី១៖ គឺការថែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ពីព្រោះសន្តិភាព និងស្ថិរភាពនយោបាយនេះបាត់បង់ហើយ យើងមិនអាចនិយាយអំពីសមិទ្ធផលអ្វីបានទាំងអស់។ ដូច្នេះ ហើយបានជាថ្នាក់ដឹកនាំតែងអះអាងបញ្ជាក់ជារឿយៗថា ត្រូវតែការពារឱ្យបានសុខសន្តិភាព និងស្ថិរភាពនយោបាយទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាកិច្ចសន្យាដ៏ឧឡារឹករបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចំពោះមុខប្រជាជាតិខ្មែរ។
ម្យ៉ាងទៀត ការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជាលក្ខណៈពិសេសខុសពីធម្មតា។ ពិសេសនៅត្រង់ថា ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ការផ្ទេរអំណាចពីមេដឹកនាំមួយទៅមួយទៀតត្រូវឆ្លងកាត់ការផ្តួលរំលំ តាមរយៈសង្គ្រាមបង្ហូរឈាមដណ្តើមឈ្នះចាញ់។ ប៉ុន្តែ ការផ្ទេរអំណាចនៅកម្ពុជាកាលពីចុងខែសីហាឆ្នាំ២០២៣ ពិតជាព្រឹត្តិការណ៍ពិសេសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។ តម្លៃលេចធ្លោនៃព្រឹត្តិការណ៍នេះនៅត្រង់ថា ទី១ ជាការផ្ទេរអំណាចដោយសន្តិវិធី ដោយរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និងទី២ ជាការផ្ទេរអំណាចពីជំនាន់រាមច្បងទៅឱ្យយុវជនជាលក្ខណៈទ្រង់ទ្រាយធំ ជាសំណុំតែម្តង ដែលព្រឹត្តិការណ៍បែបនេះ កម្រកើតមានណាស់នៅលើពិភពលោកនេះ។ ត្រង់នេះហើយដែលសបញ្ជាក់ថា ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយទាំងស្រុងក្នុងស្ថានភាពនៃការផ្ទេរអំណាច គឺជាតម្លៃដ៏លេចធ្លោបំផុត ជាប្រវត្តិសាស្ត្រសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនងើបឡើងវិញលឿនក្រោយវិបត្តិកូវីដ-១៩, លឿន និងខ្ពស់ជាងគេនៅអាស៊ាន។
សមិទ្ធផលលេចធ្លោទី២៖ ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពីព្រោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍នីមួយៗ។ ដូច្នេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ខ្ពស់ និងបង្កើតបានស្នាដៃធំធេងក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោក ប៉ែន បូណា បានបញ្ជាក់ថា រយៈពេលជាង ៥០០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាឆ្លងកាត់ការបែកបាក់ សង្គ្រាមស៊ីវិល រហូតដល់ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍(១៩៧៥-៧៩) ដែលជាដំណាក់កាលគ្រោះថ្នាក់បំផុតចុងក្រោយមួយដែលប្រទេសកម្ពុជាឈានទៅរកការរលាយសាបសូន្យទាំងស្រុង ទាំងប្រទេសជាតិ ទាំងពូជសាសន៍ខ្មែរ។ ប៉ុន្តែ ជាភ័ព្វសំណាង ដែលវីរជនគណបក្សប្រជាជនកម្ពុជាបានដណ្តើមជីវិតខ្មែរ និងប្រទេសកម្ពុជា ចេញពីសេចក្តីវិនាសហិនហោច ដោយយកជីវិតទៅប្តូរ។ កន្លងទៅ កម្ពុជានិយាយត្រឹមតែស្រោចស្រង់ជីវិតមនុស្ស ប៉ុន្តែវាក៏ជាការស្រោចស្រង់បូរណភាពទឹកដីកម្ពុជាផងដែរ។ បើខ្មែរស្លាប់អស់ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ត្រូវតែបាត់បង់។ ក្រោយពីរំដោះបានហើយ ដៃម្ខាងកសាង ដៃម្ខាងការពារ។ កសាងមានន័យថា អភិវឌ្ឍន៍ប្រទេសចេញពីទីលានកប់សាកសពដែលក្ររហេមរហាមបំផុតឱ្យក្លាយជាប្រទេសស្គាល់ការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។ ដៃម្ខាងការពារមានន័យថា ការពារផ្ទៃដី ១៨១ ០៣៥គីឡូម៉ែត្រក្រឡា ឱ្យបានគង់វង្សកុំឱ្យបាត់បង់ទៀត។
ទី១. អំពីរបៀបការពារបូរណភាពទឹកដី លោក ប៉ែន បូណា បានឱ្យដឹងថា ចាប់ផ្តើមពីជំហរដាច់ខាត ម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រជាជនកម្ពុជាទាំងអស់គ្នាបានឭជាញឹកញាប់ចេញពីឥស្សរជនថ្នាក់ដឹកនាំទាំងពីរគឺ មិនយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយបរទេស ឬភាពអនុគ្រោះណាមួយជាដាច់ខាត។ មិនអនុញ្ញាតឱ្យបាត់បង់ដីសូម្បីមួយមីលីម៉ែត្រ។ នេះជារបងរឹងមាំជាងគេបង្អស់ទី១។
ទី២. ការបោះបង្គោលព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាង៖ ត្រង់ចំណុចនេះ លោក ប៉ែន បូណា បានបកស្រាយថា ពីមុនកម្ពុជាអត់មានដីចេះតែបាត់។ ដូច្នេះ ថ្នាក់ដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ ជ្រៅ ដែលគិតគូពីការបោះបង្គោលព្រំដែន ពីព្រោះមានបង្គោលព្រំដែនអន្តរជាតិមានប្លង់រឹង។ ការចរចាយ៉ាងស្វិតស្វាញទម្រាំបោះបង្គោលព្រំដែនអន្តរជាតិបានដូចបច្ចុប្បន្ន។ នេះជារបងជាន់ទី២នៅលើដីជាក់ស្តែង។
ទី៣. កសាងផ្លូវក្រវ៉ាត់ព្រំដែន៖ មានបង្គោលព្រំដែនមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានផ្លូវក្រវ៉ាត់ព្រំដែនទៀត។ នេះគឺជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន។ បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រតិបត្តិករមួយរូបក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន តាំងពីនៅជារងកងទ័ពជើងគោក។ បច្ចុប្បន្ន ពេលសម្តេចឡើងជានាយករដ្ឋមន្ត្រី សម្តេចនៅតែចាត់ទុកការកសាងផ្លូវក្រវ៉ាត់ព្រំដែនជាអាទិភាពដដែល។ ថ្មីៗនេះ លោកបានចុះទៅពិនិត្យមើលផ្លូវក្រវ៉ាត់ព្រំដែន ហើយលោកបានប្រកាសពីការបន្តសាងសង់រហូតមានផ្លូវក្រវ៉ាត់ដើរជុំវិញប្រទេសឱ្យទាល់តែបាន(ខ្សែក្រវ៉ាត់៣ជាន់)។
ទី៤. កសាងប៉ុស្តិ៍នគរបាលតាមបណ្តោយព្រំដែន៖ ជាឆ្នាំការពារព្រំដែន និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមព្រំដែន(ជាខ្សែក្រវ៉ាត់ទី៤)។
ទី៥. ការអភិវឌ្ឍតំបន់ព្រំដែន ដើម្បីនិងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ (ការទូតផង និងការពារទឹកដីផង) ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋទៅរស់នៅតាមបណ្តាយព្រំដែនឱ្យបានច្រើន(ជាក្រវ៉ាត់ការពារព្រំដែនជាន់ទី៥)។ សរុបមកវិញ កម្ពុជាមានខ្សែក្រវ៉ាត់ការពារព្រំដែនយ៉ាងហោចណាស់ ៥ជាន់ ដែលជារបងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជារឹងមាំ និងកក់ក្តៅ និងគួរឱ្យជឿជាក់។ ទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីទស្សនៈវិស័យវែងឆ្ងាយ ច្បាស់លាស់ ប្រកបដោយយុទ្ធសាស្ត្រជាក់លាក់របស់សម្តេចតេជោ និងសម្តេចធិបតីក្នុងការពារបូរណភាពទឹកដីកម្ពុជាដែលជាសមិទ្ធផលលេចធ្លោមួយរបស់រាជរដ្ឋាភិបាលមិនអាចមើលរំលងបាន។
ចំពោះសមិទ្ធផលលេចធ្លោទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលទាំងអស់គ្នាបានធ្វើសាក្សី និងបានឃើញផ្ទាល់ភ្នែក ព្រឹត្តិការណ៍ថ្ងៃទី ៥សីហា ២០២៤ គឺការបើកការដ្ឋានព្រែកជីកហ្វូណនតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសចូលរួមអបអរសាទរយ៉ាងកងរំពង គគ្រឹកគគ្រេង មិនធ្លាប់មាន។ ព្រែកជីកនេះនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយដែលមិនត្រឹមតែកម្ពុជាខ្លួនឯងទេដែលត្រូវចារទុកក្នុងទំព័រក្រាំងមាសរបស់ខ្លួនសម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀតប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ត្រូវកត់ត្រាទុកនូវសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាដែរ។ ពីមុនពិភពលោកធ្លាប់បាឭ ឬបានស្គាល់ព្រែកជីកស៊ុយអេ និងប៉ាណាម៉ា ជាដើម ប៉ុន្តែបន្ទាប់ពីព្រែកជីកហ្វូណនតេជោលេចចេញជារូបរាងពិតប្រាកដនាប៉ុន្មានឆ្នាំខាងមុខនេះ ពិភពលោកក៏ត្រូវនិយាយពីព្រែកជីកហ្វូណនតេជោរបស់កម្ពុជាដែរ។ ការណ៍នេះទេសចរណ៍ជុំវិញពិភពលោកច្បាស់ជាចង់ស្គាល់ និងចង់ឃើញ ចង់មកលេងព្រែកជីកកម្ពុជាមិនខាន។
លោក ប៉ែន បូណា បានបញ្ជាក់ថា លក្ខណៈពិសេសរបស់ព្រែកជីកនេះគឺ ការតភ្ជាប់ប្រវត្តិសាស្ត្រ ២០០០ឆ្នាំ របស់កម្ពុជាពីសម័យហ្វូណន ឬនគរភ្នំ មកសម័យតេជោសន្តិភាព ហើយព្រែកជីកនេះបានលេចចេញជារូបរាងក្នុងសម័យដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះគឺជាតម្លៃប្រវត្តិសាស្ត្ររបស់ព្រែកជីកហ្វូណនតេជោ ដែលពិតជាស័ក្តិសមជាមោទនភាពជាតិខ្មែរទាំងមូល។ វត្តមានព្រែកជីកនេះបញ្ជាក់អំពីសកត្តានុពលដ៏ធំធេងរបស់កម្ពុជាក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងនាមជារដ្ឋមួយដែលធ្លាប់មានឥទ្ធិពល ខ្លាំងពូកែ មានអារ្យធម៌ខ្ពង់ខ្ពស់ នៅតំបន់អាស៊ី។
ដូច្នេះ អាចនិយាយបានថា ព្រែកជីកហ្វូណនតេជោ គឺជាសមិទ្ធផលដ៏ធំបំផុតមួយនាសតវត្សរ៍ទី២១។ វត្តមានព្រែកជីកនេះ ជាសញ្ញាបញ្ជាក់ថា បុព្វបុរសខ្មែរកំពុងប្រោះព្រំកម្ពុជាឱ្យបោះជំហានឆ្ពោះទៅរកភាពរុងរឿងជាថ្មី មានឥទ្ធិពលខ្លាំងក្លានៅអាស៊ី ស្របសតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ។
ចំពោះសមិទ្ធផលលេចធ្លោទី៤៖ ត្រង់ចំណុចនេះ លោក ប៉ែន បូណា ប្រាប់ឱ្យក្រឡេកមើលកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច។ រយៈពេលមួយឆ្នាំមកនេះ កម្មវិធីគោលនយោបាយទាំង៦ ផ្តល់ផលដល់ប្រជាពលរដ្ឋ ទី១. ការផ្តល់សេវាសុខាភិបាលឈានទៅរកការគ្របដណ្តប់ជាសាកល ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី មានបំណងប្រាថ្នាមួយគឺ គ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោលនៅពេលឈឺដោយមិនទទួលបានសេវាសុខាភិបាលដោយសារគ្មានប្រាក់ព្យាបាលនោះឡើយ។ នេះជាការផ្តល់ជូននូវការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋខ្មែរពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ។ ចំនួនអ្នកទទួលបានប័ណ្ណសមធម៌សុខាភិបាលមានចំនួនជាង ៥លាននាក់ (ជាង ២៩%នៃប្រជាជនសរុប) ខណៈដែលអ្នកមានប័ណ្ណសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពមានចំនួនជាង ២,៤លាននាក់(ជាង១៤%នៃប្រជាជនសរុប)។ បូកសរុបទាំងអស់ជាង ៧,៥លាននាក់ (ជាង ៤៣% នៃប្រជាជនសរុបជាង ១៧លាននាក់)។
ទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេសទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុងមួយខែ។ ចក្ខុវិស័យរបស់សម្តេចធិបតី កូនខ្មែរគ្រប់រូបមិនថាមានឬក្រ ត្រូវមានជំនាញយ៉ាងតិចមួយ។ ដូច្នេះ ផ្តល់ជូននូវការបណ្តុះបណ្តាល តាមគោលការណ៍ ដោយត្រូវរៀនឱ្យចប់ ឱ្យចេះ និងឱ្យមានការងារធ្វើ រៀនដោយឥតបង់ថ្លៃ រៀនដោយមានប្រាក់ឧបត្ថម ២៨ម៉ឺនរៀល។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ជូនគ្រប់
មកដល់ពេលនេះ មានយុវជនជាង ៥ម៉ឺននាក់ បានចុះឈ្មោះ។ ក្រសួងការងារបានជ្រើសរើសមុខជំនាញចំនួន ៤៥ ក្នុងវិស័យចំនួន ១០។ មានសិក្ខាកាមជិតជិត ៤ពាន់នាក់ហើយដែលបានរៀនចប់វគ្គ ក្នុងនោះស្ទើរតែពាក់កណ្តាលមានការងារធ្វើភ្លាមៗ និងខ្លះទៀតចេញទៅបើកអាជីវកម្មខ្លួនឯង។ ការចុះឈ្មោះនៅតែបន្តធ្វើរហូតគ្រប់ ១,៥លាននាក់ តាមការកំណត់របស់រាជរដ្ឋាភិបាល។
ទី៣. ពង្រឹងកម្មវិធីជាតិជំនួយសង្គម៖ មានពីរ ទី១ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ(មានមនុស្ស៤ប្រភេទដែលទទួលផល) ១. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២. កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនមានពិការភាព ៤. កម្មវិធីឧបត្ថមសាច់ប្រាក់ដល់ជនចាស់ជរាអាយុ៦០ឆ្នាំឡើង។ អ្នកទទួលផលជាង ៥១ម៉ឺនគ្រួសារ អស់សាច់ប្រាក់ជិត ៥០ពាន់លានរៀង ស្មើជាង ១២លានដុល្លារ។ តាំងពីចាប់កំណើតដល់ស្លាប់ទៅវិញ ទទួលបានការគាំពារពីរដ្ឋ។
ទី២. កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបគ្រោះអាសន្ន៖ គ្រោះធម្មជាតិ វិបត្តិសុខភាពសាធារណ និងវិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បានត្រៀមលក្ខណៈរួចស្រេច ដើម្បីជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ។ ទឹកជំនន់ ខ្យល់ព្យុះ កូវីដ អតិផរណា ដែលពលរដ្ឋក្រីក្ររងផលប៉ះពាល់។
ទី៤. យុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ យុទ្ធសាស្ត្រជាតិឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ អ្នករកទទួលទានក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលការគាំពារផ្នែកអាជីវកម្មផង និងផ្នែកថែទាំសុខភាពផង។ ទន្ទឹមនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាប្រតិបត្តិករ បានធ្វើកិច្ចការងារជាច្រើន ដើម្បីឈានទៅសម្រេចគោលដៅ។ ជាបឋម គឺបានប្រជុំពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការគឺ ការពិភាក្សាអំពីរបបសន្តិសុខសង្គម, រៀបចំយន្តការចុះឈ្មោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ពិភាក្សាជាមួយធនាគារ, រៀបចំថ្នាលឌីជីថល សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។
ទី៥. លើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផលគឺ ប្រកាសឱ្យអនុវត្តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទន្ទឹមនេះ រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ និងអាចវិភាជថវិកាបន្ថែមក្នុងករណីចាំបាច់។ ជាលទ្ធផលការទិញស្រូវស្តុកទុក ឬសន្និធិស្រូវជិត ១០ម៉ឺនតោន។ រោងម៉ាស៊ីន១៦ ទទួលបានហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជាង ២៨លានដុល្លារ។ ក្នុងរដូវប្រមូលផល ២០២៤-២០២៥ រោងម៉ាស៊ីនកិនស្រូវចំនួន៥០ នឹងសហការទិញស្រូវជាង ២លានតោនពីកសិករ។ លំនឹងនៃតម្លៃកសិផលរបស់កសិករហាក់រក្សាបានល្អរយៈពេលចុងក្រោយនេះ។
ទី៦. ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់គឺ មន្ត្រីជំនាញបច្ចេកទេសកកសិកម្ម ២៥០នាក់ ត្រូវបានដាក់ពង្រាយបន្ទាប់ពីទទួលបានការបណ្តុះបណ្តាល តម្រង់ទិស ដោយបានចុះជួបកសិករសរុបជាង ១១ម៉ឺននាក់ និងបានដោះស្រាយបញ្ហាជូនកសិករជាង ១ពាន់ករណី។ ជាក់ស្តែង ជួយកសិករយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងសត្វល្អិតបំផ្លាញស្រូវ។ សហគមន៍កសិកម្មទំនើបចំនួន៨ នៅក្នុងខេត្តចំនួន៦ ត្រូវបានរៀបចំរួចរាល់ និងបានដាក់ឱ្យដំណើរការជាបណ្តើរៗ។ ទន្ទឹមនេះ ក្រសួងកសិកម្ម បានកំណត់គោលដៅរួចជាស្រេចហើយក្នុងការជ្រើសរើសមន្ត្រីជំនាញកសិកម្ម ៨០០នាក់ទៀត ក្នុងជំហានទី២។
សរុបទៅ រាជរដ្ឋាភិបាលធានារ៉ាប់រងសុខភាព, មុខជំនាញ និងការងារ, ជួយពេលមានគ្រោះអាសន្ន, ជួយអ្នកប្រកបមុខរបរក្រៅប្រព័ន្ធរដ្ឋជួយ, ជួយកសិករ។ រដ្ឋាភិបាលគិតគូរសព្វគ្រប់ដល់ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ តាំងពីចាប់កំណើតក្នុងគ៌គរហូតចាស់ជរាស្លាប់។
ចំពោះសមិទ្ធផលលេចធ្លោទី៥៖ វិធានការគន្លឹះទាំង៥ ក្នុងនោះវិធានការគន្លឹះទី១ កំណែទម្រង់រដ្ឋបាលសាធារណៈគឺ ក្រសួងមុខងារសាធារណៈ ផ្តោតលើការងារ៣គឺ ទី១. ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ គោលបំណងគឺ ផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជន ពិសេសយុវជនដែលមានសមត្ថភាព ចូលរួមប្រឡងប្រជែង ដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ។ ការប្រឡង៧លើករួចហើយ បានទទួលបានការសាទរ តាមគោលការណ៍ចេះគឺជាប់។
ទី២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នគឺ ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ជូនក្រសួងស្ថាប័នអំពីការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល។ សម្រាប់ការងារនេះ ក្រសួងបានបង្កើតក្រុមការងារចំនួន១២ក្រុម។ តាមរយៈសាលាភូមិន្ទរដ្ឋបាល ក្រសួងបានផ្តល់ការបណ្តុះបណ្តាលរយៈពេលវែង និងខ្លីដល់មន្ត្រីរាជការ និងកម្រិតថ្នាក់ដឹកនាំបច្ចេកទេសក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈឱ្យកាន់តែមានសមត្ថភាពខ្ពស់។
ទី៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ត្រង់ចំណុចនេះ ក្រសួងកំពុងរៀបចំឯកសារស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ការលើកកម្ពស់គុណភាពផ្តល់សេវាសាធារណៈរបស់អង្គភាពក្នុងវិស័យអបរំ និងសុខាភិបាល តាមរយៈកម្មវិធីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័ទាំងពីរគឺជាឧទាហរណ៍ជាក់ស្តែង។
វិធានការគន្លឹះទី២៖ កំណែទម្រង់វិស័យអប់រំ គឺក្រសួងផ្តោតលើការងារសំខាន់៤គឺ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣. យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូគឺ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
ជាលទ្ធផល ក្រសួងបានជ្រើសរើសសាលារៀនគោលដៅ ដើម្បីដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ៧៩៣, ក្រសួងបានវាយតម្លៃសាលារៀនគោលដៅ ដើម្បីទទួលបានសាលារៀនជាប់ស្តង់ដា ១២០, ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដល់សាលាបឋមសិក្សា និងសាលាមធ្យមសិក្សា, ពង្រឹងសមត្ថភាពមន្ត្រីនៅគ្រប់កម្រិត ដោយដាក់ចេញនូវកិច្ចព្រមព្រៀងសមិទ្ធកម្មប្រចាំឆ្នាំ, សាលារៀនបានបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន និងគណៈ កម្មការនានា ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន, បណ្តុះបណ្តាលគ្រូឧទ្ទេសបង្គោល និងក្រុមចុះគាំទ្រសាលារៀន/ក្រុមគ្រូបង្វឹក ដើម្បីបណ្តុះបណ្តាលបន្ត ជូនដល់អ្នកពាក់ព័ន្ធនៅតាសាលារៀន។
វិធានការគន្លឹះទី៣ កំណែទម្រង់វិស័យសុខាភិបាលគឺ ទី១. ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិតគឺ ពង្រាយបុគ្គលិកតាមចំនួនសមស្រប មានក្រមសីលធម៌ល្អ និងបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ ការបំពាក់ឧបករណ៍ វេជ្ជសាស្ត្រ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាលឌីជីថល។
ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្តោតលើការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ និយតកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ការផ្តល់សេវាសុខភាពកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ និងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារស្ថាប័ន។
ទី៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
វិធានការគន្លឹះទី៤៖ លើកកម្ពស់គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពគឺ ការបង្រាបគ្រឿងញៀន, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, បង្ក្រាបក្មេងទំនើងជាដើម គឺជាកិច្ចការសំខាន់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ការងារនេះត្រូវបានធ្វើយ៉ាងសកម្ម និងសម្រេចលទ្ធផលគាប់ប្រសើរ។ បង្ក្រាបបទល្មើសគ្រឿងញៀនរាប់ពាន់ករណី។ ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ និងបង្ក្រាបក្មេងទំនើងរាប់ពាន់ករណី។
វិធានការគន្លឹះទី៥៖ កំណែទម្រង់យុត្តិធម៌គឺ ក្រសួងបានធ្វើយុទ្ធនាការ២ និងបង្កើតយន្តការ១៖ ១. យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការគឺ ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្ដីដទៃទៀត បានជិត ៨០ ០០០ ស្មើនឹង ៦៤%។
២. យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានរយៈពេល៦ខែ, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាន នៃគណៈបញ្ជាការដឹកនាំ យុទ្ធនាការមានចំនួនសរុប១ ៤៧៤។ ដោះស្រាយបាន ៣៦%។ សម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្ដដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ចំនួន ៩២រូប ដើម្បីជួយការពារក្តី ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលបានស្នើសុំ។
៣. អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក. ) គឺមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៨៦រូប បានទទួលនីតិសម្បទា និងបានធ្វើសច្ចាប្រណិធាន ដើម្បីបំពេញការងារ។ គិតចាប់តាំងពីថ្ងៃបើកទទួលពាក្យបណ្តឹងដំបូង រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា (រយៈពេល ១០៥ថ្ងៃ) អ.ដ.ក. បានទទួលពាក្យបណ្តឹងសរុបចំនួន ១៣៥ករណី ក្នុងនោះ ៤សំណុំរឿង ត្រូវបានដោះស្រាយបញ្ចប់ ដោយមានការព្រមព្រៀងរវាងភាគីទាំងពីរ។ ក្នុងនោះ២ សំណុំរឿង ត្រូវបានលើកចោលដោយសារមិនស្ថិតក្នុងសមត្ថកិច្ចរបស់ អ.ដ.ក។ ៣ សំណុំរឿង បានរៀបចំបែបបទស្នើសុំបិទសំណុំរឿង ដោយសារភាគីបដិសេធមិនចូលមកសម្រុះសម្រួល។ ចំណែក ១២៦សំណុំរឿងទៀត កំពុងស្ថិតក្នុងចំណាត់ការនីតិវិធី។ វិធានការគន្លឹះទាំង៥ សុទ្ធសឹងតែជាកំណែទម្រង់ស៊ីជម្រៅ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ចំពោះសមិទ្ធផលលេចធ្លោទី៦៖ សម្តេចធិបតីជានាយករដ្ឋមន្ត្រីរបស់ប្រជាពលរដ្ឋខ្មែរគឺ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាកដជាបានដឹង បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពដ៏មមាញឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនោះសកម្មភាពដ៏សំខាន់មួយរបស់ម្តេចគឺ ការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ពិធីសំណេះសំណាល សួរសុខទុក្ខ មានទាំងការចុះជួបដោយមានការរៀបចំជាផ្លូវការ និងការចុះជួបដោយស្ងាត់ៗដោយមិនបានប្រាប់ជាមុន។
សរុបរយៈពេលពេញមួយឆ្នាំនេះ សម្តេចធិបតី ចុះជួបប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅគ្រប់ទិសទីសរុបជាង ១៥០ លើក ពោលគឺ ស្ទើរតែ ៥០% នៃពេលវេលាមួយឆ្នាំ។ នេះអត់រាប់បញ្ចូលការជួប និងដោះស្រាយបញ្ហាជូនប្រជាពឡរដ្ឋតាមរយៈបណ្តាញសង្គមផងទេ។ ដូច្នេះ តាមរយៈទិនន័យនេះ អាចសន្និដ្ឋានបានថា នាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុតដែលកម្រមានមេដឹកនាំណាក្នុងពិភពលោកអាចធ្វើបាន។
ការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ បានក្លាយជាប្រពៃណីរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទៅហើយ។ កាលពីសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី បានបង្កើតប្រពៃណីបែបនេះឡើង និងត្រូវបានថ្នាក់ដឹកនាំគ្រប់រូបបន្តអនុវត្តរហូតមកទល់បច្ចុប្បន្ន។ កន្លងទៅ មានពាក្យថា ពេលបោះឆ្នោតហើយ បានតួនាទី មន្ត្រីលែងចុះជួបប្រជាពលរដ្ឋនោះ គឺជាការនិយាយខុសស្រឡះ។
លោក ប៉ែន បូណា អះអាងថា គ្មានអ្នកណាចុះជួបប្រជាពលរដ្ឋច្រើនជាងមន្ត្រីរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទេ ពោលគឺ មន្ត្រីអាជ្ញាធរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារគណបក្ស តំណាងរាស្ត្រ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាដើម។ នេះមិនរាប់ទំនាក់ទំនងតាមហ្វេសប៊ុកដោយសារភាពស្និទ្ធស្នាល និងដឹងសុខទុក្ខប្រជាពលរដ្ឋនេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ក្លាយជាជម្រើសតែមួយគត់គ្មានគូប្រៀបដែលប្រជាពលរដ្ឋជ្រើសរើសឱ្យក្លាយជាគណបក្សដឹកនាំប្រទេសជារៀងរហូតមក។
ការចុះជួបប្រជាពលរដ្ឋមិនមែនគ្រាន់តែបង្ហាញមុខទេ មិនដូចអ្នកខ្លះថា ប្រជាភិថុតិទេ ប៉ុន្តែបានដោះស្រាយបញ្ហាជាច្រើនរាប់មិនអស់តាមរយៈ ទី១ ការផ្តល់ជូនសមិទ្ធផលនានា មានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងការផ្តល់ជូនសេវាព្យាបាលជំងឺ ជាដើម។ ទី២ ដោះស្រាយការលំបាកជូនកម្មករ កម្មការិនី ស្ត្រីមានផ្ទៃពោះ ជនមានពិការភាព តាមរយៈការឧបត្ថម្ភសាច់ប្រាក់ កែលម្អអាហារដ្ឋាន មធ្យោបាយធ្វើដំណើរ និងការដំឡើងប្រាក់ឈ្នួល ជាដើម។ ពេលជួបប្រជាពលរដ្ឋមានជំងឺរ៉ាំរ៉ៃ សម្តេចសម្រេចភ្លាមៗបញ្ជូនទៅព្យាបាល។
លោក ប៉ែន បូណា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីជា នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺជារាជរដ្ឋាភិបាលដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋពិតៗ។
ការដាក់ចេញគោលនយោបាយត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ ដើម្បីសម្រេចគោលដៅ។ រាជរដ្ឋាភិបាលមានភាពរឹងមាំ ដែលអាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញកម្ពុជា មិនថាឧបាយកលនោះមកពីខាងក្រៅ ឬនៅខាងក្នុងប្រទេសឡើយ។ ជាក់ស្តែង ចុងក្រោយនេះ មានការប៉ុនប៉ងផ្តួលរំលំដោយមធ្យោបាយមិនប្រជាធិបតេយ្យ តែឧបាយកលនេះត្រូវបានទប់ស្កាត់ទាំងស្រុង។
បើគ្មានភាពរឹងមាំបែបនេះទេ កម្ពុជាវិលទៅរកប្រវត្តិសាស្ត្រអតីតកាលតាំងពីយូរ។ ប៉ុន្តែ រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាគឺ ជាអ្នកឈរការពារធានាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេ្យភាពជាតិ បូរណភាពទឹកដី ភាពសុខសាន្តរបស់ប្រជាជន និងធានាការអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាពដោយមិនអនុញ្ញាតឱ្យមានជនណា ក្រុមណាមកបំផ្លាញបានឡើយ។ នេះគឺជាចំណុចខ្លាំងគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាល ដែលជាទីកក់ក្តៅពិតៗរបស់ប្រជាពលរដ្ឋខ្មែរ៕