អ្នកតវ៉ាដែលគាំទ្រប៉ាឡេស្ទីន ទាមទារឱ្យអាម៉េរិក ផ្លាស់ប្តូរគោលនយោបាយចំពោះអ៊ីស្រាអែល
សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ ដែលគាំទ្រប៉ាឡេស្ទីន នៅដើមសប្តាហ៍នេះ បានមកជួបជុំគ្នានៅឯទីក្រុងឈីកាហ្គោ (Chicago) ស្ថិតនៅជិតទីតាំងសន្និបាតបក្សប្រជាធិបតេយ្យ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះគោលជំហររបស់រដ្ឋបាល លោកបៃដិន លើអ៊ីស្រាអែល ។
ក្រុមអ្នកតវ៉ា មកពីទូទាំងប្រទេស រួមទាំងសហគមន៍ប៉ាឡេស្ទីន និងអារ៉ាប់ជាច្រើននាក់ នៅក្នុងរដ្ឋអ៊ីលីណយ (Illinois) និងរដ្ឋក្បែរនោះៗ បានមកជួបជុំគ្នា ដើម្បីផ្ញើសារទៅកាន់គណបក្សប្រជាធិបតេយ្យថា ត្រូវតែធ្វើការឱ្យសកម្ម ដើម្បីទទួលបានសំឡេងឆ្នោត មិនមែនចង់ឱ្យតែម្ចាស់ឆ្នោតគាំទ្រ ទាំងដែលមិនមានសកម្មភាពអ្វីនោះទេ ។
ផ្ទុយពីនេះ អ្នកគាំទ្រអ៊ីស្រាអែលមួយចំនួនតូច បានចូលរួមជួបជុំនៅក្នុងក្បួនដូចគ្នាដែរ ហើយជំរុញឱ្យសហរដ្ឋអាម៉េរិក នៅតែបន្តគាំទ្រអ៊ីស្រាអែល ក៏ដូចជាគាំទ្រសិទ្ធិការពារខ្លួនជាដើម ។
គួររំឮកថា អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បានតវ៉ាចំពោះការគាំទ្ររបស់រដ្ឋបាលលោកបៃដិន ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ សម្រាប់អ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស រហូតសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៤០,០០០ នាក់នៅក្នុងតំបន់ហ្គាហ្សា រហូតមកដល់ពេលបច្ចុប្បន្ន ។
ទន្ទឹមនឹងនេះ ការតវ៉ាដ៏ធំមួយទៀត កំណត់ថានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវនឹងថ្ងៃទី ២២ ខែសីហា នៅពេលលោកស្រី កាម៉ាឡា ហារីស នឹងត្រូវទទួលបានការតែងតាំងជាផ្លូវការ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters