សង្គម

មន្ទីរវប្បធម៌ ហៅម្ចាស់គណនីហ្វេសប៊ុក​១រូប មកធ្វើការណែនាំ ករណីបង្ហោះវីដអូខ្លី និងសកម្មភាព ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងតម្លៃកុមារកម្ពុជា

image


សៀមរាប៖ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ហៅមកអប់រំ បន្ទាប់ពីបុគ្គលរូបនេះ បានបង្ហោះវីដេអូខ្លី និងសកម្មភាពដែលនាំឱ្យប៉ះពាល់ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសតម្លៃ កុមារកម្ពុជា។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោក មួន សុភាព នៅក្នុងជំនួបជាមួយម្ចាស់គណនីហ្វេសប៊ុកខាងលើ និងក្រុមការងារ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤​ បានបញ្ជាក់ថា ការដែលមន្ទីរហៅប្អូនៗក្មួយៗ មកពេលនេះ មិនមែនជាការចាប់ទោសអូសដំណើរអ្វីនោះទេ បើទោះបីជាវីដេអូ និងសកម្មភាពដែលបានធ្វើនោះបានបង្ហាញនូវរូបភាពខុសឆ្គងក្តី។ ប៉ុន្តែការហៅមកនេះជាការកែតម្រូវ និងស្ដាប់ការណែនាំពីមន្រ្តីជំនាញនូវចំណុចដែលមានកំហុសឆ្គង ពិសេសប៉ះពាលដល់សិទ្ធិកុមារ ទោះបីមានការយល់ព្រម អនុញ្ញាតពីសាមីខ្លួន និងអាណាព្យាបាលក៏ដោយ ក៏ពួកគេនៅតែមានច្បាប់ការពារ និងជាវ័យមួយដែលកំពុងត្រូវការរៀនសូត្រ។

ជាមួយគ្នានោះដែរ លោក ហត កើ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលឈ្មោះ កញ្ញាស្លឹកឈើ Fashion និងKanha Slerkcher Catwalk Class និងក្រុមកាងារ បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឲ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា និងបានធ្វើការសុំទោសនូវរាល់កំហុសឆ្គងកន្លងមក និង ចុះកិច្ចសន្យាបញ្ឃប់ធ្វើការបង្ហោះផ្សព្វផ្សាយ ដែលមានសកម្មភាព រូបភាពប្រាសចាកពីក្រមសីលធម៌ ដែលបង្កឱ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ពិសេសសិទ្ធិកុមារ៕

អត្ថបទ៖ ជា ស្រស់