ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថ្កោលទោសចំពោះបណ្តាញសង្គម ដែល រំលោភបំពានរដ្ឋធម្មនុញ្ញ និងធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
អត្ថបទ៖ CNC
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសថ្កោលទោសចំពោះបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី។
បើតាមសេចក្តីថ្លែងការណ៍, ក្នុងពេលកន្លងមកថ្មីៗនេះ មានជនអនាមិក បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម នានាជាអាទិ៍ មានឈ្មោះ «ព្រះបរមរាជវាំង Royal Palace of Cambodia» និង «យុវជនក្រោមម្លប់ព្រះមហាក្សត្រ» ដែលចេញផ្សាយបន្លំធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបញ្ជាក់ថា «ទង្វើ និងសកម្មភាពនេះ គឺជាការបំពានរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ប្រកាស«ថ្កោលទោសចំពោះអំពើទាំងឡាយណាដែលរំលោភបំពានរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលកម្ពុជា»៕