សម្តេចតេជោ ហ៊ុន សែន លើកឡើងពីចំណុចគន្លឹះ៤ ដែលរាជរដ្ឋាភិបាលដឹកនាំដោយជំនាន់ថ្មី សម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ
ភ្នំពេញ៖ ក្នុងឱកាសខួបមួយឆ្នាំនៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត, នៅថ្ងៃទី២២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្តាញសង្គម ដោយកត់សម្គាល់ពីចំណុចគន្លឹះចំនួន ៤ ដែលរាជរដ្ឋាភិបាលជំនាន់ថ្មី សម្រេចបាន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “(ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ) ហាក់លែងស្របជាមួយសភាពការបច្ចុប្បន្នហើយ ដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍)។
ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះ ជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មី ចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។
ជំនាន់ថ្មី បានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវ ដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សម្គាល់គឺ៖
១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិ រក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្ត មិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។
ខ្ញុំ និងថ្នាក់ដឹកនាំផ្សេងទៀត ចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មី ក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបម្រើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យថយចុះ។
ខ្ញុំ ដាក់អម្រែកចុះ បន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង ៤៤ឆ្នាំ ក្នុងនោះ កាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង ៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។
ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ”៕