សម្តេចប្រធានរដ្ឋសភា៖ "គ្មានកិច្ចព្រមព្រៀងណាកាត់ដីខេត្តទាំង៤ ឲ្យទៅគេទេ"
ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋសភា បានអះអាងថាគ្មានកិច្ចព្រមព្រៀងណា ដែលរាជរដ្ឋាភិបាលកាត់ដីឲ្យគេទេទាក់ទងនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV -DTAកន្លងមកមានការ បកស្រាយ ពន្យល់យ៉ាងក្បោះក្បាយរបស់សម្តេចតេជោប្រធានព្រឹទ្ធសភានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក វង សូត្រ អនុប្រធានទី២នៃរដ្ឋ សភា បានបញ្ជាក់ថា៖ករណីពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្រប ខណ្ឌតំបន់ ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម (CLV) កន្លង មក នេះ គឺត្រូវបានរំលេចដោយការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយរបស់សម្តេចតេជោ សម្តេចធិបតី និងក្រសួងពាណិជ្ជ កម្ម អំពីប្រវត្តិដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើត ក្របខ័ណ្ឌសហប្រតិបត្តិការនេះ សម្រាប់ជា ឧត្តមប្រយោជន៍ដល់តំបន់សហគមន៍ប្រជា ពលរដ្ឋដែលរស់ នៅក្នុងតំបន់នោះ ពុំមែនដូចពាក្យញុះញង់អុចអាលរបស់ក្រុមជនអគតិមួយចំនួន ដែលមានចេតនាបង្ក ភាពវឹកវរ និងបំភ្លើសចោទថា រាជរដ្ឋាភិ បាលកម្ពុជា កាត់ទឹកដីឲ្យប្រទេសជិតខាង នោះឡើយ។
ក្នុងឱកាសបិទពិធីប្រារព្ធខួបរយៈពេល ១ឆ្នាំនៃរដ្ឋសភា នីតិនកាលទី៧នៅថ្ងៃទី ២២ខែសីហាឆ្នាំ២០២៤សម្តេចមហា រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាមានប្រសាសន៍បញ្ជាក់ថា៖"គ្មាន កិច្ចព្រមព្រៀងណាកាត់ដីខេត្តទាំង៤ (ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី)ឲ្យទៅគេទេ។ប៉ុន្តែខ្ញុំថាជាឧបាយកលដ៏ខ្មៅកខ្វក់ ក្នុងការធ្វើម៉េចបញ្ឆេះកំហឹង ដើម្បី បំផ្លាញរាជរដ្ឋាភិបាលក៏ដូចជា ផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណឹង មិនមានកិច្ចព្រម ព្រៀងណាកាត់ដីផងហ្នឹង ..."។
សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា៖
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រី កោណ រាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ទាំងជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដោយខ្លួនឯងផ្ទាល់ និងមានការចូលរួមផ្តល់ថវិកាចំនួន២០លានដុល្លា ពីប្រទេសជប៉ុន ដល់ប្រទេសទាំង៣(កម្ពុជា -ឡាវ និងវៀត ណាម)ដើម្បីធ្វើការអភិវឌ្ឍន៍។
ដោយឡែក កម្ពុជាទទួលបានថវិកាជំនួយអភិវឌ្ឍន៍ពីប្រទេសជប៉ុនចំនួន៧លានដុល្លាកន្លះ ដើម្បីធ្វើការអភិវឌ្ឍន៍ខេត្តទាំង ៤របស់កម្ពុជា ៕
ដោយ៖វង សុភ័ក្ត្រ