ព័ត៌មានអន្តរជាតិ

មនុស្ស ៩ នាក់ទំនងជានឹងស្លា..ប់ទាំងអស់ ក្រោយធ្លាក់យន្តហោះខ្នាតតូចក្នុងព្រៃក្បែររាជធានីបាងកក ប្រទេសថៃឡង់ដ៍

image


ថៃឡង់ដ៍៖ យន្តហោះខ្នាតតូចមួយគ្រឿង ដែលដឹកមនុស្សចំនួន ៩ នាក់ បានធ្លាក់នៅក្នុងព្រៃ ស្ថិតនៅជិតរាជធានីបាងកក ប្រទេសថៃឡង់ដ៍ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ស្របពេលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការរហូតមកដល់ថ្ងៃសុក្រនេះ ដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំង៩ នាក់ បន្ទាប់ពីជួបហេតុការណ៍ដ៏រន្ធត់នេះ ។

យោងតាមអាជ្ញាធរថៃ បានឱ្យដឹងថា អ្នកបើកយន្តហោះជនជាតិថៃ ២ នាក់ រួមជាមួយនឹងអ្នកដំណើរ ៥ នាក់ជាជនជាតិចិន និង ២ នាក់ទៀតជាជនជាតិថៃ ទំនងជានឹងបាត់បង់ជីវិតទាំងអស់គ្នា ។ ក្នុងចំណោមជនរងគ្រោះ រួមមានទាំងក្មេងអាយុ ១២ និង ១៣ឆ្នាំ មកពីហុងកុងថែមទៀតផង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្ត Chachoengsao បានឱ្យដឹងថា យន្តហោះខ្នាតតូចនេះ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi) ក្នុងទីក្រុងបាងកក នៅម៉ោង ២៖៤៦ នាទីរសៀល ក្នុងទិសដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន ក្នុងខេត្តត្រាត (Trat) ។ ក្រោយមក ស្រាប់តែបាត់បង់ទំនាក់ទំនង់ បន្ទាប់ចាប់ផ្តើមហោះហើរក្នុងរយៈពេល ១០ នាទី ។

ការិយាល័យ បានបន្ថែមដែរថា អាជ្ញាធរនឹងវិភាគបំណែកយន្តហោះ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ព្រោះតែយន្តហោះខ្នាតតូចខាងលើ មិនមានប្រអប់ខ្មៅនោះទេ ហើយការិយាល័យ បានទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ។ នៅក្នុងប្រតិបត្តការស្វែងរកនេះ កងទ័ពនិងអ្នកស្ម័គ្រចិត្តសរុបជាង៣០០នាក់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ស្របពេលរកឃើញបំណែកមួយចំនួន របស់សាកសព និងយន្តហោះ ។

ពលរដ្ឋនៅក្នុងស្រុក Bang Pakong ខេត្ត Chachoengsao ដែលជាទីតាំងកើតហេតុ បានពណ៌នាថា ពួកគេបានប្រទះឃើញយន្តហោះធ្លាក់ពីលើមេឃដោយផ្ទាល់ភ្នែក ហើយក៏លឺសំឡេងផ្ទុះយ៉ាងខ្លាំង នៅពេលយន្តហោះធ្លាក់ចុះមកដល់ដី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN/ China Daily
រូបភាព៖ AP/ CNN/ China Daily