អ្នកនយោបាយបារាំង បង្ហាញការខ្វែងគំនិតគ្នា ជុំវិញដំណើរការតែងតាំងនាយករដ្ឋមន្រ្តីថ្មី
បារាំង៖ នៅក្នុងឱកាសជំនួបប្រឹក្សាយោបល់រវាងក្រុមនយោបាយបារាំងកាលពីថ្ងៃចន្ទម្សិលមិញ ដែលបានធើ្វឡើងក្រោមអធិបតីភាពរបស់លោកប្រធានាធីបតីម៉ាក្រុង និងមានការចូលរួមពីលោកស្រី Marine Le Pen និងលោក Jordan Bardella ដែលជាប្រធានគណបក្សសាមគ្គីជាតិ ហៅកាត់ថា RN បានប្រព្រឹត្តទៅដោយភាពរកាំរកូស ជុំវិញការខ្វែងគំនិតគ្នាក្នុងការជ្រើសរើសឥស្សរជននយោបាយដ៏ស័ក្ដិសមសម្រាប់គ្រងតំណែងជានាយករដ្ឋមន្រ្តី។
អំឡុងកិច្ចប្រជុំពិភាក្សានោះ លោក Bardella ដែលគេស្គាល់ថាជាមេដឹកនាំក្រុមអ្នកនយោបាយស្តាំកណ្តាលនិយមនៃគណបក្ស RN និងជាគណបក្សទើបឈ្នះឆ្នោតសំឡេងភាគច្រើន ក្នុងការបោះឆ្នោតសភាបារាំង កាលពីពេលថ្មីៗ បានប្រាប់លោកប្រធានាធិបតីម៉ាក្រុង ត្រូវធើ្វការពិចារណាឱ្យបានស៊ីជម្រៅក្នុងការតែងតាំងនាយករដ្ឋមន្រ្តី ជាពិសេសសម្រាប់អ្នកនយោបាយដែលមានទំនោរឆ្វេងនិយម។
ត្រង់ចំណុចនេះ លោក Bardella ចង់សំដៅទៅលើក្រុមអ្នកនយោបាយរបស់គណបក្សរណសិរ្សប្រជាជនបារាំង ហៅកាត់ថា NFP ដែលជាបក្សឆ្វេងនិយមមានទំនោរបែបកុម្មុយនីស្ត និងជាគណបក្សមួយផ្សេងទៀតដែលឈ្នះសំឡេងគាំទ្រភាគច្រើន នៅក្នុងបោះឆ្នោតសភាបារាំង ខណៈលោកបានចាត់ទុកគណបក្ស NFP ថាជាគ្រោះថ្នាក់សម្រាប់អនាគតរបស់ប្រទេសបារាំងទៅថ្ងៃមុខ។
ដោយឡែក លោកស្រី Marine Le Pen ឯណោះវិញ ក៏បានថ្លែងបង្ហាញក្តីបារម្ភចំពោះអនាគតបេក្ខភាពនាយករដ្ឋមន្រ្តីបារាំង ដែលនឹងត្រូវគេតែងតាំង ស្របពេលសភាបារាំង គ្រោងនឹងរៀបចំការបោះឆ្នោតអនុម័តផែនការថវិកាជាតិសម្រាប់ឆ្នាំ ២០២៥ នៅពេលឆាប់ៗខាងមុខ ទន្ទឹមគ្នានឹងការដាក់សម្ពាធរបស់សហភាពអឺរ៉ុបឱ្យធើ្វការកែលម្អស្ថានការណ៍ទីផ្សារបច្ចុប្បន្ន ដើម្បីកាត់បន្ថយនូវបញ្ហាឱនភាពសេដ្ឋកិច្ច៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters