ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគាំទ្រ និងចូលគ្រុបតេលេក្រាម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ឲ្យបានផុលផុស

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការអំពាវនាវដល់សាធារណជនរួមគ្នាគាំទ្រ និងចូលគ្រុបបណ្ដាញសង្គមតេលេក្រាម
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» ឲ្យបានផុលផុស។

តាមរយៈសារសំឡេងក្នុងបណ្តាញសង្គមតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា «សូមកូនៗចលនាចូល​គ្រុបមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ឲ្យបានច្រើនកុះករ​ ដើម្បីឲ្យមានការជជែកគ្នាពីរបៀបចុចចូលរួមក្នុងគ្រុប»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការផ្សព្វផ្សាយនូវចលនាខាងលើនេះឲ្យបានទូលំទូលាយផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៥:២០នាទី ថ្ងៃទី២៧​ ខែសីហា ឆ្នាំ២០២៤​ គ្រុបតេលេក្រាម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» មានសមាជិកចំនួន ១៣.០២១ នាក់។

សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូនដំណឹងពីប្រកាសបង្កើតនូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយមូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាងនិងការពារមាតុភូមិ។
ក្រោយការប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមបរិច្ចាគថវិកាចំនួន២០០លានរៀលដល់មូលនិធិ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានចូលរួមបរិច្ចាគថវិកា១លានដុល្លារដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ។ ក្រៅពីនេះ ក៏មានចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការនៅតាមបណ្តាស្ថាប័ននិងអង្គភាពនានាផងដែរ៕

អត្ថបទ៖ CNC