អតីតអ្នកការទូតសិង្ហបុរី អំពាវនាវឱ្យសហរដ្ឋអាម៉េរិក គួរតែមានវិធីសាស្ត្រសមហេតុផលជាមួយប្រទេសចិន
សិង្ហបុរី៖ នៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ចិន CGTN អតីតមន្ត្រីការទូតសិង្ហបុរីប្រចាំអង្គការសហប្រជាជាតិ លោក គីសូរ៉េ ម៉ាប៊ូបានី (Kishore Mahbubani) ដែលជាបញ្ញវន្តមួយរូបមកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីរបស់សកលវិទ្យាល័យជាតិសិង្ហបុរី (NUS) មានប្រសាសន៍ថា សហរដ្ឋអាម៉េរិក គួរតែមានគោលនយោបាយសមហេតុផលចំពោះប្រទេសចិន និងត្រូវគិតគូឱ្យបានដិតដល់ សម្រាប់វិធីសាស្ត្រដោះស្រាយជាមួយចិន ។
ការអត្ថាធិប្បាយរបស់លោក ម៉ាប៊ូបានី (Mahbubani) បានធ្វើឡើង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បង្ហាញវត្តមាននៅឯរដ្ឋធានីប៉េកាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន ។
នៅក្នុងបទសម្ភាសន៍ដដែលនេះ លោក ម៉ាប៊ូបានី (Mahbubani) បានរៀបរាប់ថា "រាល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដើម្បីបញ្ឈប់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសចិន នឹងមិនអាចទទួលបានជោគជ័យឡើយ។ បច្ចុប្បន្ន ប្រទេសចិន កំពុងតែវិនិយោគយ៉ាងខ្លាំង ទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាងប្រទេសដទៃទៀត លើកលែងតែសហរដ្ឋអាម៉េរិក។ ខណៈនេះ សមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់ចិន កំពុងតែមានការកើនឡើង ដូច្នេះវាមិនសមហេតុផលនោះទេសម្រាប់អាម៉េរិក ក្នុងការព្យាយាមរារាំងចំពោះការអភិវឌ្ឍន៍របស់ចិន ហើយអ្វីដែលសហរដ្ឋអាម៉េរិក គួរធ្វើ គឺការដាក់ចេញនូវវិធីសាស្ត្រដ៏សមហេតុផល សម្រាប់ស្វែងរកដំណោះស្រាយជាមួយចិន ពីព្រោះថា ចិននឹងមិនរត់ទៅណាឆ្ងាយនោះទេ” ។
ដោយមើលឃើញពីភាពលេចធ្លោរបស់ចិនសម្រាប់វិស័យពាណិជ្ជកម្មពិភពលោក លោក ម៉ាប៊ូបានី (Mahbubani) បានរៀបរាប់ជាបន្តទៀត ដោយស្នើថា សហរដ្ឋអាម៉េរិក គួរតែបង្កើតគោលនយោបាយដែលអាចទទួលស្គាល់ប្រទេសចិនបន្ថែមទៀត ជាជាងព្យាយាមកាត់ផ្ដាច់សកម្មភាពពាណិជ្ជកម្មរបស់ចិនជាមួយនឹងពិភពលោក ។
ក្នុងន័យនេះ លោក ម៉ាប៊ូបានី (Mahbubani) ចង់បញ្ជាក់ថា បំណងរបស់អាម៉េរិក ក្នុងការកាត់ផ្តាច់ចិនពីពិភពលោក នឹងមិនអាចទៅរួចនោះទេ ព្រោះតែ «ទំនាក់ទំនងរបស់ចិនជាមួយប្រទេសភាគច្រើនក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ កាន់តែរឹងមាំជាងទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយប្រទេសភាគច្រើនក្នុងពិភពលោកទៅទៀត ដោយសារតែចិន ជាដៃគូពាណិជ្ជកម្មធំជាងរបស់ប្រទេសជាច្រើននៅលើពិភពលោក ធៀបនឹងភាពជាដៃគូរបស់សហរដ្ឋអាម៉េរិកជាមួយប្រទេសទាំងអស់នោះ» ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ CNN/ Others