ប្រមុខដឹកនំាប្រទេសប្រជុំកោះទំាង១៨នៅតំបន់មហាសាគរប៉ាស៊ីហ្វិកបានដកកោះតៃវ៉ាន់ចេញពីសេចក្តីប្រកាសរួម បន្ទាប់ពីចិនតវ៉ាខ្លំាង
អូស្រ្តាលី៖ វេទិការបស់ក្រុមប្រជាជាតិដែនកោះនៅក្នុងតំបន់មហាសាគរប៉ាស៊ីហ្វិក បានដកកោះតៃវ៉ាន់ចេញពីការធ្វើសន្និសីទរួម និងសេចក្តីថ្លែងការណ៍រួមគ្នា បន្ទាប់ពីប្រទេសចិនបានធ្វើការរិះគន់ដោយជម្រុញឱ្យដកកោះនេះចេញ ជាហេតុបង្កឱ្យកោះតៃវ៉ាន់ថ្កោលទោសថា បទអន្តរាគមន៍របស់ចិនបែបនេះ ជាបទអន្តរាគមន៍ដោយគ្មានការអៀនខ្មាស ខណៈដែលក្រុមមន្រ្តីអ្នករៀបចំវេទិកាបានលើកឡើងថា ការសម្រេចចិត្តដកកោះតៃវ៉ាន់នេះ ពុំមែនធ្វើឡើងដោយក្រុមមេដឹកនំានៅក្នុងអង្គវេទិកានោះឡើយ។
សេចក្តីថ្លែងការណ៍រួមគ្នាបានចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនៃក្រុមប្រជាជាតិចំនួន១៨ ក្នុងនោះផ្តោតជាសំខាន់ទៅលើកិច្ចទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ និងប្រជាជាតិស្ថិតនៅលើដែនកោះក្នុងតំបន់មហាសាគរប៉ាស៊ីហ្វិក។
បន្ទាប់ពីមានការខឹងសម្ប៉ារបស់ប្រេសិតចិននៅក្នុងសន្និសីទ បានធ្វើឱ្យសេចក្តីប្រកាសរួមត្រូវដកចេញវិញដែលចំណុចសំខាន់ត្រូវដកកោះតៃវ៉ាន់ចេញពីសេចក្តីប្រកាសរួមនោះ។ ខណៈចិនបានលើកឡើងថា កោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ពុំមានសិទ្ធិក្នុងការទាក់ទងជារបៀបថ្នាក់រដ្ឋ និងរដ្ឋបែបនេះឡើយ។
បន្ទាប់ពីកោះតៃវ៉ាន់ត្រូវអង្គសន្និសីទដកចេញពីសេចក្តីប្រកាសរួមបែបនេះ ដោយឡែកក្រសួងការបរទេសរបស់កោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសៅរ៍ថា “កោះតៃវ៉ាន់សូមថ្កោលទោសចំពោះការធ្វើអន្តរាគមន៍បែបឈ្លើយ មិនសមហេតុផល ជាឥរិយាបថអសនិទានភាពធ្វើឱ្យខូចដល់សន្តិភាពនិងស្ថេរភាពក្នុងតំបន់ ដោយអំពាវសូមឱ្យប្រទេសទំាងឡាយផ្តោតការតាមដានឱ្យបានដិតដល់ចំពោះទង្វើនិងឥរិយាបថរបស់ចិនផងដែរ”។
ចំណែកឯអ្នកនំាពាក្យឱ្យលេខាធិការដ្ឋាននៃអង្គសន្និសីទប្រជាជាតិដែនកោះនៅតំបន់ប៉ាស៊ីហ្វិកវិញបានលើកឡើងដែរថា សេចក្តីប្រកាសរួមនោះ គឺជា”ឯកសារដែលផ្តោតទៅលើកុងសង់ស៊ីស” ដែលឆ្លុះបញ្ចំាងទៅលើការឯកភាពនៃទស្សនៈគ្រប់សមាជិកភាពទំាងអស់។
គួររំលឹកដែរថា នៅក្នុងរយៈពេលប៉ុន្មានឆ្នំាថ្មីៗកន្លងមកនេះក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់នៅក្នុងតំបន់ប៉ាស៊ីហ្វិកបានថយចំនួនចុះជាលំដាប់ ខណៈប្រទេសចិនបង្កើនការរំាងខ្ទប់លើការផ្តល់មូលនិធិអភិវឌ្ឍន៍ពីខាងក្រៅចូលមកកាន់កោះតៃវ៉ាន់ ខណៈប្រទេសកោះណៅរូ(Nauru) បានផ្តាច់ចំណងការទូតជាមួយនឹងកោះតៃវ៉ាន់ ស្របពេលដែលប្រទេសប្រជុំកោះ សូឡូម៉ុន(Solomon) និងកោះគិរីបាទី(Kiribati)ក៏បានកាតផ្តាច់ចេញពីទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ដែរកាលពីឆ្នំា២០១៩កន្លងទៅ ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖Reuters