គ.ជ.ប.៖ លទ្ធផលបណ្ដោះអាសន្នថ្ងៃទីបី នៃការចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.០៩២នាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីបី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
- ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៩.០៩២ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១១.២០១ នាក់
- អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.២៥៣ នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៧៥៦ នាក់។
ចំពោះលទ្ធផលសរុបរយៈពេល ៣ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖
- ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣៣.៧៧៨ នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៨.៣២២ នាក់
- អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៣.២៧៤ នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៨.៧០៣ នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
គ.ជ.ប. សូមអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ (App) NEC KH ។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវ ទៅតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពទេ សាមីខ្លួនអាចស្នើសុំកែតម្រូវ ជាមួយក្រុមចុះឈ្មោះបោះឆ្នោតបាន។
ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា នៅឃុំ-សង្កាត់ ដែល សាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ៕
ដោយ៖វង សុភ័ក្ត្រ