អនុរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចចិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ឈ្មោះផ្លូវមួយនៅភ្នំពេញជាមហាវិថី ស៊ី ជិនពីង
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៃព្រះរាជាណាចក្រកម្ពុជា លោក Ma Feixiong អនុរដ្ឋមន្ត្រីក្រសួងកិច្ចការអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរនូវឧត្តមានុវត្ត វិស័យអតីតយុទ្ធជន។
ក្នុងកំឡុងពេលទស្សនកិច្ច លោក Ma Feixiong បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នៅស្តូបពលីជីវិតរបស់ជនជាតិចិន នៅទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយបានអញ្ជើញទៅជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងអញ្ជើញទស្សនារូបសំណាកព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងមហាវិថី ស៊ី ជីនពីង នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានរំលេចអំពីចំណងមិត្តភាពកម្ពុជា-ចិន សមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបាន និងគោលនយោបាយអាទិភាពមួយចំនួនផ្នែកអតីតយុទ្ធជន។
លោក Ma Feixiong បានលើកឡើងអំពីទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិនប្រកបដោយយុទ្ធសាស្ត្រ ដែលបង្កលក្ខណៈងាយស្រួលដល់មន្ត្រីថ្នាក់ក្រោមបំពេញការងារ។ លោកបន្តថា មិត្តភាពកម្ពុជា-ចិន ពិតជាមិត្តភាពពិតប្រាកដយូរអង្វែង ដែលមានសុខទុក្ខរួមគ្នា ចាប់តាំងពីទសវត្ស៦០មក ដោយផ្អែកលើស្មារតីសហគមន៍រួម វាសនារួម។
លោកអនុមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរថា ក្នុងដំណើរទស្សនផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា គឺលោកបានឃើញពីទិដ្ឋភាពយ៉ាងវិជ្ជមានរវាងទំនាក់ទំនងកម្ពុជា-ចិន ក្នុងយុគសម័យថ្មីជាមិត្តភាពល្អ និងយូរអង្វែង ដោយលោកអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដាក់ឈ្មោះផ្លូវមួយនៅរាជធានីភ្នំពេញ គឺ“មហាវិថី ស៊ី ជិនពីង”។
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការអតីតយុទ្ធជន បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ (Agreed Minutes) ក្នុងការចាប់ផ្តើមសហប្រតិបត្តិការផ្នែកអតីតយុទ្ធជន ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រសួងទាំងពីរ៕
ដោយ៖ គង់ វណ្ណៈ