គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បើកកិច្ចពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនវិនិយោគិនជប៉ុននៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រ ឈម និងសំណូមពរដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា។
កិច្ចប្រជុំនេះ ត្រូវគេរំពឹងថា នឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនជប៉ុនបន្ថែមទៀត ក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅធ្វើធុរកិច្ច និងវិនិយោគដ៏សំខាន់មួយនៅក្នុងតំបន់ បន្ទាប់ពីលំហូរទុនវិនិយោគផ្ទាល់ពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាស៊ីមួយនេះ មកកាន់ប្រទេសកម្ពុជា នាមួយរយៈចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ភាគីកម្ពុជា ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន (METI) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាជាច្រើនរូបផងដែរ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា អង្គប្រជុំ បានជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម សន្តិសុខ និងធនធានមនុស្ស។
លោកបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជនបានស្នើឡើងឱ្យបានទាន់ពេលវេលា និងសម្រេចឱ្យបាននូវដំណោះស្រាយជាអតិបរិមាជូនដល់វិនិយោគិនឱ្យបានមុនកិច្ចប្រជុំបន្ទាប់នៅក្នុងរយៈពេល ៦ខែខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ការផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័សបានទាន់ពេលវលា នឹងបង្កើនទំនុកចិត្តជូនដល់វិនិយោគិន ដែលបានបណ្តាក់ទុននៅកម្ពុជា ក៏ដូចជា បង្កើនភាពទាក់ទាញដល់វិនិយោគិនថ្មីៗ ហើយការផ្សព្វផ្សាយអំពីផលវិជ្ជមានរបស់វិនិយោគិនកំពុងវិនិយោគនៅកម្ពុជានេះទៀតសោត គឺជាសក្ខីកម្មដ៏មានប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគិនថ្មីៗឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើនឡើងបន្ថែមទៀត»។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទទួលស្ដាប់ និងចូលរួមស្វែងរកដំណោះស្រាយជូនដល់គ្រប់បណ្ដាវិនិយោគិនមិនគ្រាន់តែសម្រាប់វិនិយោគិនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិនិយោគិនពីបណ្ដាប្រទេសផ្សេងៗទៀតដែលបានជឿទុកចិត្តរាជរដ្ឋាភិបាលដោយសម្រេចបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
បន្ថែមពីនេះ លោក បានបង្ហាញអំពីវឌ្ឍនភាពនៃការវិនិយោគឯកជនរយៈពេល១ឆ្នាំ នៃនីតិកាលទី៧ របស់រាជរដ្ឋាភិបាល និងកិច្ចខិតខំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅដល់ការសម្រួលកិច្ចការងារវិនិយោគផងដែរ។
ជាមួយគ្នានេះ លោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្ដាប់យ៉ាងយកចិត្តទុកដាក់ និងចូលរួមដោះស្រាយនូវកង្វល់នានារបស់វិនិយោគិន ដែលបានលើកឡើងដោយវិនិយោគិនជប៉ុន ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះរវាងកម្ពុជា និងជប៉ុនកន្លងមក រហូតបានធ្វើឱ្យវេទិកាកិច្ចប្រជុំនេះ ក្លាយជាយន្តការគម្រូដែលនឹងត្រូវបានរាជរដ្ឋាភិបាលកម្ពជាប្រើប្រាស់ជាមួយបណ្ដាប្រទេសផ្សេងទៀតផងដែរ។
លោកឯកអគ្គរាជទូត ក៏បានលើកឡើងអំពីការមើលឃើញនូវការផ្សព្វផ្សាយយ៉ាងផុសផុលរបស់បណ្ដាញផ្សព្វផ្សាយក្នុងប្រទេសជប៉ុនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ជាលទ្ធផលក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលបានរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងបន្ថែមពីនេះមានដំណើរទស្សនកិច្ចទាក់ទាញវិនិយោគិនរបស់លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលជំរុញទឹកចិត្តឱ្យរដ្ឋាភិបាលជប៉ុនចូលរួមផ្សព្វផ្សាយអំពីការវិនិយោគនៅកម្ពុជា។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំទឹកប្រាក់ ១.៥៩៥លានដុល្លារអាម៉េរិក នៅឆមាសទី ១ឆ្នាំ ២០២៤ ដែលស្មើនឹង ៤៩,៨៥% នៃទំហំវិនិយោគសរុបចំនួន ៣,២ពាន់លានដុល្លារអាម៉េរិក។
ក្នុងចំណោមប្រភពទុនមកពីបណ្តាប្រទេស និងដែនដីចំនួន ១២ ដែលកម្ពុជា ទទួលបាន ក្នុងឆមាសទី ១ឆ្នាំនេះ ក្នុងនោះ ទុនវិនិយោគពីជប៉ុន ស្ថិតនៅចុងក្រោយគេ ដែលមានត្រឹមតែជាង ១លានដុល្លារអាម៉េរិកប៉ុណ្ណោះ ខណៈចិនឈរនៅលំដាប់កំពូល មាន ១,៣៦ពាន់លានដុល្លារអាម៉េរិក តាមពីក្រោយដោយសិង្ហបុរី មានជាង ៩៣លានដុល្លារអាម៉េរិក និងវៀតណាម មានជិត ៦០លានដុល្លារអាម៉េរិក ហើយក្រៅពីនោះគឺមកពីប្រទេសផ្សេងៗទៀត៕
អត្ថបទ៖ សៀម ប៊ុនធី