មេសិទ្ធិមនុស្សកម្ពុជា ប្រាប់តំណាងUNថា ការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោងប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺមកពីអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា (OHCHR) នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានផ្តោតលើលិខិតស្រាយបំភ្លឺ របស់ គ.ស.ម.ក. ដែលធ្វើការបដិសេដចំពោះសេចក្តីថ្លែងការណ៍របស់អង្គការ ASEAN Paliamentarians for Human Rights (APHR) និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងអង្គភាពទាំង២ នាពេលបច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់លោកស្រី Roueida El Hage និងសហការីថា វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនបុគ្គលមួយចំនួន ដែលជាមេក្លោងក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺមកពីអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់ ដូចជា កាំភ្លើងកែច្នៃ ដ្រូនភ្ជាប់ដោយគ្រាប់ផ្ទុះ និងអាវុធគ្រោះថ្នាក់ ដទៃជាច្រើនទៀត។ ការណ៍នេះ អាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួន ដើម្បីរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៅក្នុងសង្គមកម្ពុជា និងបន្តនីតិវិធីស្របតាមច្បាប់កម្ពុជា។
ម្យ៉ាងវិញទៀត អាជ្ញាធរក៏បានចាត់វិធានការរដ្ឋបាលផ្សេងៗ លើបុគ្គលចំនួន ១៨៨នាក់ ដូចជា ការពន្យល់ណែនាំ ការផ្តល់ ព័ត៌មានពិត និងទុកចិត្តបាន ហើយឱ្យបុគ្គលទាំងនេះត្រឡប់ទៅផ្ទះវិញ។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីមាត្រា២៩ (២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ព្រមទាំង មាត្រា១៩ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលបង្ហាញថា សិទ្ធិទាំងនេះ គឺមិនមែនជាសិទ្ធិដាច់ខាតនោះទេ ដោយមានការលើកលែង ដើម្បីរក្សាការពារសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងកិច្ចជំនួបនេះ លោកស្រី Roueida El Hage បានគូសបញ្ជាក់ពីជំហរក្នុងការផ្តល់ការគាំទ្ររបស់ OHCHR ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ស្តីពី “ការពង្រឹងការគាំពារសង្គម”។ ម្យ៉ាងវិញទៀត លោកស្រីក៏បានសាកសួរពីបច្ចុប្បន្នភាពរបស់សេចក្តីព្រាងច្បាប់ស្តីពី ស្ថាប័នជាតិសិទ្ធិមនុស្ស និងលើកឡើងពីគម្រោងសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការដំឡើងចំនួនឆ្នាំអាណត្តិរបស់ OHCHR ប្រចាំកម្ពុជា ពី២ឆ្នាំ ទៅ៥ឆ្នាំ។ ទន្ទឹមនេះ លោកស្រីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR ក្នុងការៀបចំសិក្ខាសាលាបានយ៉ាងល្អប្រសើរនាពេលកន្លងទៅនេះ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ.ស.ម.ក. បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ស្ថាប័នជាតិ សិទ្ធិមនុស្ស ទៅទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ និងបានប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់លើទម្រង់ នៃសេចក្តីព្រាងច្បាប់នេះ។
ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា លើ “ការពង្រឹងការគាំពារសង្គម” រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីពង្រឹងការគាំពារសង្គមនេះ។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពី គម្រោងរត់ម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ និងបានអញ្ជើញ OHCHR ចូលរួមផងដែរ៕