ក្រសួងព័ត៌មាន ប្រកាសបិទបញ្ចប់ការចុះឈ្មោះដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី» សម្រាប់ថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល បានឲ្យដឹងថា ក្រោយការបើកឱ្យចុះឈ្មោះជាសាធារណៈ «ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ បានទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានលើសការរំពឹងទុក ដោយមានចំនួនអ្នកចុះ លើស១ពាន់នាក់។
ក្រសួងព័ត៌មាន បានលើកឡើងថា ដោយអនុវត្តនូវគោលការណ៍ «មកមុន ទទួលបានមុន» ក្រុមការងារបានកំណត់ចំនួនអ្នកចូលរួម ២០០នាក់ ដំបូង សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង - ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី។ អាស្រ័យហេតុនេះ ក្រុម ការងារសូមបិទការចុះឈ្មោះ សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមក្រសួងព័ត៌មាន អ្នកចូលរួមទាំង២០០នាក់ ដែលត្រូវចូលរួមដំណើរទស្សនកិច្ចនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវមកចូលរួមស្តាប់បទបង្ហាញ ដើម្បីទទួលបានព័ត៌មានស្តីពីរបៀបរបបនៃការ ធ្វើដំណើរទស្សនកិច្ចទិសឦសាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀល នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ដោយឡែក បញ្ជីឈ្មោះអ្នកចូលរួម ២០០នាក់ សម្រាប់ថ្ងៃទី១៤ ខែកញ្ញា នឹងត្រូវផ្សព្វផ្សាយក្នុងពេលខាងមុខ។
ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន នៅតែបន្តទទួលការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និង ទី២៨ ខែកញ្ញា ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅ តាមតំបន់ព្រំដែន។ សាធារណជនដែលចាប់អារម្មណ៍ចូលរួម សូមធ្វើការចុះឈ្មោះដោយធ្វើការស្កេន QR Code។
បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន
អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះពុំចាំបាច់ចំណាយសោហ៊ុយអ្វីទាំងអស់៖ ការចំណាយទូទៅសម្រាប់ការធ្វើដំណើរ និងការហូបចុក ត្រូវរ៉ាប់រងដោយក្រុមអ្នករៀបចំ លើកលែងតែការចំណាយផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ។
លោកថាទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា ទស្សនកិច្ចនេះជាទស្សនកិច្ចពលរដ្ឋ ពុំមែនជាទស្សនកិច្ចសារព័ត៌មានទេ។ សម្រាប់អ្នកសារព័ត៌មាន គឺត្រូវចុះឈ្មោះដូចប្រជាពលរដ្ឋទូទៅដែរ ដោយបំពេញទម្រង់បែបបទអនឡាញ និងត្រូវអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ ក្រុមអ្នករៀបចំនឹងជ្រើសរើសដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចថ្ងៃសៅរ៍នេះ និងសម្រាប់ដំណើរជើងខាងមុខៗទៀត ដោយ ត្រូវធ្វើដំណើរជាមួយប្រជាពលរដ្ឋទូទៅដែរ ក្នុងចំណោមអ្នកចូលរួមចំនួន ២០០នាក់ ក្នុងមួយលើក/១ជើងធ្វើដំណើរ៕
អត្ថបទ៖ CNC