មនុស្ស៤នាក់ស្លាប់ ៩នាក់រងរបួស អំឡុងករណីបាញ់ប្រហារនៅវិទ្យាល័យ ក្នុងរដ្ឋចរចា សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ អាជ្ញាធរមូលដ្ឋាន និយាយថា មនុស្ស ៤ នាក់ស្លាប់ នៅក្នុងករណីបាញ់ប្រហារនៅឯវិទ្យាល័យមួយកន្លែង ក្នុងរដ្ឋចរចា (Georgia) កាលពីថ្ងៃពុធ ដោយហេតុការណ៍នេះ កើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីសាលាចាប់ផ្តើមបើកបវេសនកាលថ្មី ខណៈជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ជុំវិញហេតុការណ៍ខាងលើ ការិយាល័យស៊ើបអង្កេតរដ្ឋចរចា បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយរៀបរាប់ថា ហិង្សាដោយកាំភ្លើងនាពេលនេះ បានឆក់យកអាយុជីវិតមនុស្ស៤នាក់ រួមមាន សិស្ស ២ នាក់ និងគ្រូ ២ នាក់ នៅឯវិទ្យាល័យ អាប៉ាឡាជី (Apalachee) ក្នុងទីក្រុងវ៉ាញឌើរ (Winder) រដ្ឋចរចា (Georgia) ដោយអ្នករងរបួសចំនួន ៩ នាក់ រួមមាន សិស្ស ៨ នាក់ គ្រូម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មសហគមន៍បារ៉ូ (Barrow County) បានបញ្ជាក់ថា ជនសង្ស័យម្នាក់ កំពុងតែស្ថិតនៅក្រោមការឃុំឃាំង ខណៈទីភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដោយរាយការណ៍ថា ជនសង្ស័យឈ្មោះ ខូល ហ្គ្រេយ (Colt Grey) មានអាយុ ១៤ ឆ្នាំ ។
ក្នុងពេលដំណាលគ្នា ប្រធានការិយាល័យស៊ើបអង្កេតរដ្ឋចរចា លោក គ្រីស ហូសី (Chris Hosey) បានឱ្យដឹងថា ទោះបីជាមានអាយុត្រឹមតែ ១៤ ឆ្នាំក៏ដោយ ក៏ជនសង្ស័យខូលហ្គ្រេយ (Colt Grey) នឹងប្រឈមមុខជុំវិញការចោទប្រកាន់ និងត្រូវបានកាត់ទោសនៅឯតុលាការ ដូចគ្នានឹងមនុស្សពេញវ័យដែរ។ ការសម្រេចចិត្តនេះ ធ្វើឡើងសម្រាប់ករណីដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ មានន័យថា ជនសង្ស័យនឹងត្រូវទទួលរងនូវដំណើរការផ្លូវច្បាប់ និងរងការដាក់ទណ្ឌកម្ម ដែលអាចកើតមានដូចគ្នាចំពោះមនុស្សពេញវ័យ ។
គួររំឮកថា ករណីបាញ់ប្រហារនៅក្នុងវិទ្យាល័យនាពេលនេះ គឺជាករណីចាប់ផ្តើមដំបូងបំផុតសម្រាប់សាលារៀននៅក្នុងឆ្នាំសិក្សាថ្មី នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយបានរំឮកឡើងវិញ ដល់សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ពាក់ព័ន្ធនឹងការគំរាមកំហែងនៃអំពើហិង្សាដោយកាំភ្លើង នៅក្នុងសាលារៀន និងមហាវិទ្យាល័យ នៅទូទាំងប្រទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ USA Today
រូបភាព៖ CNN/ Istock Photo/ Reuters