ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតអាម៉េរិក និយាយថា អាម៉េរិកនឹងនៅតែបើកចំហរ ក្នុងការចូលរួមផលិតអាវុធជាមួយកោះតៃវ៉ាន់

image


តៃវ៉ាន់៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិកនៅឯទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា សហរដ្ឋអាម៉េរិក នឹងនៅតែបើកចំហ ចំពោះគំនិតនៃកិច្ចសហការជាមួយកោះតៃវ៉ាន់ ដើម្បីផលិតអាវុធរួមគ្នា ដោយបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងតៃប៉ិ ឯកអគ្គរដ្ឋទូតអាម៉េរិក លោក រ៉េយម៉ុនដ៍ ហ្គ្រីន (Raymond Greene) និងជាប្រធានអង្គភាពអាម៉េរិកប្រចាំតៃវ៉ាន់ (AIT) (មានតួនាទីស្រដៀងនឹងអគ្គកុងស៊ុល) ទើបទទួលបានការតែងតាំង បានសង្កត់ធ្ងន់ថា ការបំពេញតម្រូវការផ្គត់ផ្គង់អាវុធសម្រាប់ការពារជាតិរបស់កោះតៃវ៉ាន់ គឺជាកង្វល់ចម្បងសម្រាប់សហរដ្ឋអាម៉េរិក ជុំវិញការធានាសន្តិសុខរបស់តៃវ៉ាន់ ។

លោក ហ្គ្រីន (Greene) បានរៀបរាប់បន្ថែមទៀតថា ទីក្រុងប៉េកាំង «មិនមែនមានគោលដៅតែមួយក្នុងការបំភិតបំភ័យ បង្ខិតបង្ខំ លើកោះតៃវ៉ាន់ ប៉ុណ្ណោះទេ» ដូច្នេះសហរដ្ឋអាម៉េរិក កំពុងកសាងបណ្តាញសម្ព័ន្ធភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិន ។

គួររំឮកថា សហរដ្ឋអាម៉េរិក គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតមួយ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ចម្បងរបស់កោះតៃវ៉ាន់ បើទោះបីជា អាម៉េរិក មិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ។ ក្នុងពេលដំណាលគ្នា ប្រទេសចិន តែងតែបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ដើម្បីបង្ខំតៃវ៉ាន់ ឱ្យចូលរួមទៅក្នុងអធិបតេយ្យភាពជាមួយចិន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Johnmenadue