សង្គម

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) សាខាទី២ បើកនៅខេត្តកែប ផ្តោតលើ ៤ជំនាញសំខាន់ សម្រាប់ទីផ្សារការងារ

image


កែប៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅតិចណូ បង្កើតសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានទីតាំងស្ថិតនៅ ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយដាក់ឈ្មោះថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុនសែន ចម្ការដូង (ខេត្តកែប) ដោយធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ ក្នុងដេប៉ាតឺម៉ង់ ដែលមានស្រាប់ ក្នុងនោះមានជំនាញ អគ្គិសនី និងថាមពល ជំនាញសំណង់ស៊ីវិល ជំនាញគីមី និងចំណីអាហារ និងជំនាញគ្រប់គ្រងទឹក។
ក្នុងនោះដែរ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចជំនួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ គណៈគ្រង់គ្រងវិទ្យាស្ថានកម្ពុជា ដើម្បីស្វែងរកការគាំទ្ររវាងគ្នាទៅវិញទៅមក ក្រោមវត្តមានលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកសាស្រ្តចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកកម្ពុជា អមដោយគណៈប្រតិភូ និងបានការចូលរួមពីអភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ផ្តល់បទសម្ភាសន៍បន្ទាប់ពីជំនួបពិភាក្សាលោក ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកកម្ពុជា បានលើកឡើងថា សម្រាប់សាខានៅខេត្តកែប នឹងចាប់ផ្តើមប្រកាសទទួលពាក្យ ចុះឈ្មោះចូលរៀន ចាប់ពីខែតុលា ឆ្នាំ២០២៤នេះ ជាទិសដៅយើងបានដាក់នូវជំនាញ ៤សំខាន់ ដោយយើងមើលឃើញពីតម្រូវការការងារខ្ពស់សម្រាប់និស្សិតរបស់យើងក្រោយបញ្ចប់ការសិក្សា ជាពិ សេសផ្តល់ឱកាសខ្ពស់សម្រាប់យុវតី។
លោកបានសង្កត់ធ្ងន់ថា សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុនសែន ចម្ការដូង (ខេត្តកែប) គឺយើងធានាបានគុណភាពសិក្សាដូចនៅភ្នំពេញដែរ។
ចំណែកលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ដែរថា នេះជាមោទនភាពសម្រាប់ខេត្តកែប ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលលើកទឹកចិត្តឲ្យខេត្តកែបមានគ្រឹះស្ថានឧត្ដមសិក្សា ដើម្បីផ្ដល់ការអប់រំកម្រិតឧត្ដមសិក្សាជូនសិស្ស និស្សិត នៅខេត្តកែប ហើយនេះជាសមិទ្ធផលប្រវត្តិសាស្រ្តដែលខេត្តពុំធ្លាប់មាន។
ទោះជាយ៉ាងណា លោកអភិបាលខេត្ត អំពាវនាវឲ្យអាណាព្យាបាល ពិសេសសិស្សានុសិស្ស ចាប់អារម្មណ៍មកសិក្សាលើជំនាញទាំងនេះ ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសាខាខេត្តកែប ដើម្បីទទួលបាននូវជំនាញមួយដែលច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការការងារ ពិសេសនៅខេត្តកែប លោកធានាបាននូវសណ្តាប់ធ្នាប់ និងសន្តិសុខល្អ ដែលអាណាព្យាបាលអាចជឿទុកចិត្តបាន៕
អត្ថបទ៖ ង៉ុង សាន់