ព័ត៌មានជាតិ

ប្រភពចារកិច្ច អះអាងថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីលបាលីស្ទីកទៅឱ្យរុស្ស៊ី សម្រាប់ប្រើនៅក្នុងសង្គ្រាមអ៊ុយក្រែន

image


បើតាមប្រភពក្រៅផ្លូវចំនួន ២ ដែលស្និទនឹងភ្នាក់ងារចារកិច្ចរបស់អាម៉េរិកបានអះអាងថា យោធាអ៊ីរ៉ង់បានបញ្ចប់ការដឹកជញ្ជូនគ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីទៅឱ្យរុស្ស៊ី ដើម្បីប្រើនៅក្នុងសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ខណៈការលើកឡើងនេះគឺស្របគ្នាទៅនឹងការព្រមាននាពេលកន្លងមករបស់ក្រុមមន្រ្តីរដ្ឋាភិបាលប្រទេសលោកខាងលិច ដែលថាអ៊ីរ៉ង់កំពុងត្រៀមរៀបចំផ្តល់គ្រាប់មីស៊ីលទៅឱ្យរុស្ស៊ី។
ប្រភពដដែលបានបញ្ជាក់ថា គេមិនបានដឹងអំពីកាលបរិច្ឆេទពិតប្រាកដដែលគ្រាប់មីស៊ីលបាលីស្ទីកទាំងនោះ ត្រូវបានអ៊ីរ៉ង់ដឹកជញ្ជូនទៅឱ្យរុស្ស៊ីនោះទេ ប៉ុន្តែការលេចធ្លាយនូវដំណឹងមួយនេះ គឺកើតឡើងស្របពេលដែលយោធារុស្ស៊ីកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងសំខាន់ៗអ៊ុយក្រែន ដោយសំដៅវាយកម្ទេចទីតាំងស្ថានីយថាមពលផ្សេងៗ ខណៈដែលរដូវរងារកាន់តែជិតចូលមកដល់។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Sean Savett បានប្រាប់សារព័ត៌មាន CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការបញ្ចូលគ្រាប់មីស៊ីលណាមួយរបស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ី គឺបង្ហាញពីការចូលរួមពាក់ព័ន្ធកាន់តែជ្រៅរបស់អ៊ីរ៉ង់នៅក្នុងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលនឹងធើ្វឱ្យស្ថានការណ៍ជម្លោះមួយនេះកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងនៅថ្ងៃខាងមុខ"
ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងប្រាប់ក្រុមសម្ព័ន្ធមិត្តក្នុងឱកាសកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុនឧស្សាហកម្មយោធាក្នុងប្រទេសអាឡឺម៉ង់ថា ប្រទេសរបស់លោកកំពុងត្រូវការជាចាំបាច់នូវប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់នឹងគ្រាប់មីស៊ីលរបស់រុស្ស៊ី៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ CNN News