វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រលើកទី៦ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានា
ចិន៖ វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រលើកទី៦ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា ការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានា ជុំវិញសកលលោក ខណៈកម្ពុជាមើលឃើញនូវឱកាសយ៉ាងច្រើនលើកិច្ចការងារវិនិយោគ។ នេះជាការលើកឡើងដោយ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើក “វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ លើកទី៦ ក្រោមប្រធានបទ សន្ធានកម្មសេវាកម្មកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម តាមរយៈ “ផ្លូវសូត្រសមុទ្រ” ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងក្របខណ្ឌនេះ ក្រៅអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម កម្ពុជាមើលឃើញនូវឱកាសយ៉ាងច្រើនលើកិច្ចការងារវិនិយោគ ដែលរួមមានលើវិស័យជាអាទិ៍ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កម្ពុជាជឿជាក់ថា តាមរយៈការបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងអាចបើកឱកាសថ្មីសម្រាប់កំណើន និងការអភិវឌ្ឍន៍ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល និងលើសពីនេះ ឆ្ពោះទៅរកអនាគតនៃសន្តិភាព វិបុលភាព និងភាពជោគជ័យរួមគ្នា។
បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា ក៏បានឆ្លៀតឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគ ក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូក្រុងសៀមិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និងគម្រោងព្រែកជីកហ្វូនណនតេជោ ជាដើម។
ក្នុងជំនួបនេះភាគីកម្ពុជា បានស្នើសុំឱ្យក្រុមហ៊ុន XMXYG ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួន ពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា ផងដែរ។ បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរីគំរូ FJFTZ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតបន្ថែម ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាន់តែមានភាពសម្បូរបែប បង្កើនពិពិធកម្មសេដ្ឋកិច្ច-សង្គមកម្ពុជា។
សូមជម្រាបថា តំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន (ខេត្តហ្វូជៀន) នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ មានវិសាលភាពលើផ្ទៃដីសរុបទំហំប្រមាណ ៤៣,៧៨គីឡូម៉ែត្រក្រឡា មានតួនាទីជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀន ក៏ដូចជាប្រទេសចិនទាំងមូលកាន់បង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក៕
អត្ថបទ៖ ចេង ឆហួត