ព័ត៌មានជាតិ

ដ្រូនចម្បាំងថ្មីរបស់អ៊ុយក្រែន រហ័សនាម "នាគភ្លើង" កំពុងបង្កការភ័យខ្លាចដល់ទាហានរុស្ស៊ី

image


អ៊ុយក្រែន៖ នាពេលថ្មីៗនេះ ក្រុមអ្នកជំនាញផ្នែកយុទ្ធោបករណ៍យោធារបស់អ៊ុយក្រែន បានបង្កើតដ្រូងចម្បាំងថ្មីមួយប្រភេទដែលមានរហ័សនាមថា "ដ្រូននាគរាជ" ដែលធើ្វការវាយប្រហារគោលដៅសត្រូវដោយការបាញ់នូវកម្អែភ្លើងនៃសារធាតុសំលោហៈអាលុយមីញ៉ូមនិងល្បាយដែកអុកស៊ីដ យ៉ាងមានប្រសិទ្ធិភាព និងបានកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងសម្រាប់ទាហានរុស្ស៊ី។
បើតាមរូបភាពវីដេអូដែនអាកាសមួយពីក្នុងតំបន់សមរភូមិប្រយុទ្ធ បានបង្ហាញពីទិដ្ឋភាពប្រតិបត្តិការរបស់ដ្រូននាគរាជ កំពុងធើ្វការទម្លាក់កម្អែភ្លើងជាច្រើនទៅលើទីតាំងលាក់ខ្លួនរបស់ទាហានរុស្ស៊ីនៅក្នុងព្រៃ និងបានបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលតែប៉ុន្មានវិនាទី។
រីឯវីដេអូជាច្រើនផ្សេងទៀតដែលបង្ហោះនៅលើបណ្តាញសារ Telegram ដោយក្រសួងការពារជាតិអ៊ុយក្រែនកាលពីថ្ងៃពុធកន្លងទៅ បានបង្ហាញពីទិដ្ឋភាពវាយប្រហារដោយកម្អែភ្លើងរបស់ដ្រូននាគរាជ ដែលមើលទៅគួរខ្លាចរអាល ទៅលើទីតាំងពង្រឹងការពាររបស់ទាហានរុស្ស៊ីនៅតាមតំបន់សមរភូមិជួរខាងមុខនៃភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលកម្អែលេហៈធាតុទាំងនោះត្រូវបានគេឱ្យដឹងថា មានកម្តៅរហូតដល់ជាង ២២០០អង្សា និងអាចដុតកម្លោចព្រៃឈើនៅខាងក្រោមបានយ៉ាងឆាប់រហ័ស។
សកម្មភាពវាយប្រហារដោយការបាញ់កម្អែភ្លើងពីលើមេឃរបស់ដ្រូនចម្បាំងមួយនេះ ធើ្វឱ្យវាមានលក្ខណៈស្រដៀងគ្នាទៅនឹងនាគរាជកំពុងព្រុះភ្លើង ជាហេតុធើ្វឱ្យគេផ្តល់រហ័សនាមវាថា "ដ្រូននាគរាជ" ។
ទាក់ទិននឹងដ្រូនចម្បាំងថ្មីនេះ ត្រូវបានកងរថពាសដែកអ៊ុយក្រែនលេខ ៦០ ដែលជាអ្នកបានឃើញសកម្មភាពប្រតិបត្តិការរបស់វាផ្ទាល់នៅលើសមរភូមិ លើកឡើងថា គឺជាគ្រឿងយុទ្ធោបករណ៍សឹកដ៏គួរឱ្យខ្លាចរអាលសម្រាប់សត្រូវ និងត្រូវបានគេចាត់ទុកជាអាវុធសងសឹកដ៏មានអនុភាពរបស់អ៊ុយក្រែន ដែលអាចធើ្វការវាយកម្ទេចទីតាំងលាក់ខ្លួនរបស់ទាហានសត្រូវបានយ៉ាងមានប្រសិទ្ធិភាព៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ CNN News