សាលាដំបូងរាជាធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យនាំខ្លួនម្ចាស់គណនីដែលបញ្ចេញមតិញុះញង់ក្នុងផេកសម្តេចតេជោ មកផ្តន្ទាទោសតាមច្បាប់ ខណៈសម្តេចថា «គ្មានការលើកលែងនោះទេ»
អត្ថបទ៖ សុភៈនារី
រូបភាព៖ ផេកសម្តេចតេជោ
ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា «ហ៊ូ រុនអេង» ដែលបានចូលទៅបញ្ចេញមតិ (Comment) ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍នៅលើផេកហ្វេសប៊ុកសម្តេចតេជោ ត្រូវបានសាលាដំបូងរាជាធានីភ្នំពេញចេញដីកាបង្គាប់ឱ្យនាំខ្លួនទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ក្រោយបុគ្គលរូបនេះ បានសសរសេរមួលបង្កាច់រាជរដ្ឋាភិបាល ដោយចោទថា«កម្ពុជាត្រូវបានគ្រប់គ្រងដោយវៀតណាម»។
នៅរាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ «ហ៊ូ រុនអេង» ភេទស្រីទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បុគ្គល «ហ៊ូ រុនអេង» ភេទស្រី ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានឪពុក ហ៊ូ ផាន ម្តាយឈ្មោះ សុង សុក ជានីតិជនពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។
ចំពោះករណីបុគ្គល «ហ៊ូ រុនអេង» សាលាដំបូងរាជាធានីភ្នំពេញបញ្ជាក់ថា ដើម្បីធានាដល់ការបង្ហាញខ្លួនជន ត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ សាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យនាំខ្លួនឈ្មោះបុក្គលនេះទៅបំភ្លឺការពិតនៅចំពោះមុខចៅក្រមស៊ើបសួរ និងចាត់ការតាមផ្លូវច្បាប់ ដោយគិតចាប់ពីថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
ស្របនឹងការប្រកាសឱ្យនាំខ្លួនបុគ្គល «ហ៊ូ រុនអេង» ទាំងយប់ទៅកាន់សាលាដំបូងរាជាធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ»។
ចំពោះករណីនេះ សម្តេចតេជោបញ្ជាក់ថា «រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃដើម្បីជាប់គុក ហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេ ប្រសិនមានបទល្មើស។ សង្គមស៊ីវិល ឬជនបរទេសឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្ម ត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជា ឬច្បាប់អន្តរជាតិ»។
សូមរម្លឹកថា មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន ប្រមុខស្តីទីកម្ពុជា បានស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវរកស្ត្រីឈ្មោះ «ហ៊ូ រុនអេង» មកចាត់ការតាមផ្លូវច្បាប់ក្រោយស្ត្រីរូបនេះបានចូលទៅបញ្ចេញមតិញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ និងមួលបង្កាច់រាជរដ្ឋាភិបាលនៅលើផេកហ្វេសប៊ុករបស់សម្តេចតេជោ៕