កម្ពុជា-ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារពិភពលោក
សៀមរាប៖ កម្ពុជា ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
ការតាំងពិព័រណ៍រូបថតនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក សុខ សូកេន បានមានប្រសាសន៍ នៅក្នុងពិធីបើកការតាំងពិព័រណ៍កាលពីរសៀលថ្ងៃទី០៨ សីហានេះថា ការរៀបចំនូវព្រឹត្តិការណ៍នេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China International Communication Group (CICG) ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុង នោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ លោកបន្តថា ជាងនេះទៀត ព្រឹត្តិការណ៍នេះជួយចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ។
លោក សុខ សូកេន បន្តថា ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តាមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ក្រសួងទេសចរណ៍បានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។ ដើម្បីសម្រេចចក្ខុ វិស័យខាងលើ, ក្រសួងទេសចរណ៍បាននិងកំពុងកសាង និងធានាបាននូវស្ថានភាពអំណោយផលដល់កម្ពុជាក្នុងការប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ឧត្តមភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក៏ដូចជាធានាប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារ អន្តរវិស័យនិងតួអង្គពាក់ព័ន្ធ តាមរយៈការដាក់ចេញគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ និង អភិវឌ្ឍ៣» ឬហៅកាត់ថា “BUILD + 3Ds” ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុន(CICG) លោក Du Zhanyuan បានលើកឡើងថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញ ទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ប្រវត្តិវិទូជាច្រើនបានស្គាល់ និងដឹងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរតាមរយៈកំណត់ត្រា ជីវ តាក្វាន់ បេសកជនពិសេសរបស់ចិនប្រចាំនៅកម្ពុជា នៅចុងសតវត្សទី១៣ក្នុងសម័យកាលអាណាចក្រខ្មែរ។ ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត បន្ថែមទៀតពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពី ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង។
លោកបន្តថា ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ អាណត្តិទី២០ របស់គណៈកម្មាការបក្សកុម្មុយនីស្តចិនបានធ្វើកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត និងជំរុញទំនើបកម្មបែបចិនដែលបង្ហាញថា ការប្តេជ្ញាចិត្តរបស់ចិននៅក្នុងការពង្រីកឱកាសប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវឱកាសកាន់តែច្រើនដល់ប្រទេសជុំវិញពិភពលោករួមមានកម្ពុជាផងដែរ។
លោក Du Zhanyuan បានលើកឡើងថា ជាក់ស្តែងការបើកពិព័រណ៍នាពេលនេះ ក៏ជាការបង្ហាញឲ្យឃើញពីចំណងទំនាក់ទំនងរវាងចិន កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសប្រទេសចិន៕
អត្ថបទ៖ ជា ស្រស់