សង្គម

មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាអំពី មូលហេតុ នៃចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួប លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារ និងបង្ហាញពីមូលដ្ឋានជាក់លាក់ ក្នុងការដាក់ចេញនូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់ឯកអគ្គរដ្ឋទូតអំពីមូលហេតុ នៃចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ ដោយសារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំ និងជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ ព្រមទាំងការកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាងដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ច ពិសេស ជាដើម។

ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំងនោះ មានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ហេតុនេះ វិធានការរបស់អាជ្ញាធរ ដើម្បី ថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ ធ្វើឡើងដោយស្របតាមច្បាប់ និងនីតិវិធី ជាធរមាន។ ម្យ៉ាងវិញទៀត វិធានការចាប់ និងបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី ធ្វើឡើងចំពោះតែមេក្លោង តែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។

ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់ លោកទេសរដ្ឋមន្ត្រី លោក Igor Driesmans បានបង្ហាញនូវចំណាប់អារម្មណ៍ថា រាល់កិច្ចសន្ទនាជាមួយលោកទេសរដ្ឋមន្ត្រី តែងតែមានលក្ខណៈបើកចំហក្នុងន័យស្ថាបនានា ដោយលោកបានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។

លោកក៏បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ហើយលោកនឹងបន្តគាំទ្រ និងជំរុញបន្ថែម ដើម្បីទាក់ទាញការវិនិយោគឱ្យកាន់តែច្រើនពីអឺរ៉ុបមកកម្ពុជា រួមទាំងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងអឺរ៉ុប ក្នុងអាណត្តិការងាររបស់លោក។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីការយល់ឃើញមិនស្របគ្នាខ្លះជាមួយនឹង អាជ្ញាធរកម្ពុជា ចំពោះការអនុវត្តច្បាប់លើករណីមួយចំនួននាពេលថ្មីៗនេះ ជាពិសេស ការឃាត់ខ្លួនយុវជនបីនាក់ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរុប ដោយលោកបានសំណូមពរ ឱ្យធ្វើការពិនិត្យពិចារណាលើករណីនេះ ក៏ដូចជាករណីមួយចំនួនទៀតផងដែរ ដើម្បីបង្រួមគម្លាតនៃការយល់ ឃើញមិនស្របគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារតួនាទីភារកិច្ច និងការទទួលខុសត្រូវផ្សេងៗគ្នា ជាសត្យានុម័ត នឹងនាំឱ្យមានការយល់ឃើញមិនស្របគ្នាលើបញ្ហាខ្លះ តែតាមរយៈការជួបជជែកពិភាក្សាគ្នា នឹងនាំឱ្យមានការយល់ពីគ្នាកាន់តែច្បាស់ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងផងដែរ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ពីគោលជំហរមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការជួយទាក់ទាញ អ្នកវិនិយោគបន្ថែមទៀត។

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតអំពីគម្រោងរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ផង និងដើម្បីការងារមនុស្សធម៌ផង ហើយលោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ លោកឯកអគ្គរដ្ឋទូតចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានប្រគល់សេចក្តីបំភ្លឺរបស់ គ.ស.ម.ក. ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ដោយគ្មានមូលដ្ឋានរបស់អង្គការ ASEAN Paliamentarians for Human Rights (APHR) កាលពីពេលថ្មីៗនេះ ជូនលោកឯកអគ្គរដ្ឋទូត ដើម្បីជ្រាបជាព័ត៌មាន និងទុកជាឯកសារ៕