ព័ត៌មានអន្តរជាតិ

ចិន រិះគន់អាម៉េរិក ក្រោយកំណត់វិធានការរឹងបន្តឹងអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន

image


ចិន៖ ក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាម៉េរិក បានអនុម័តច្បាប់ដែលមានគោលបំណងរឹតបន្តឹងអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យានានារបស់ចិន គឺជាវិធានការ «រើសអើង» ប្រឆាំងនឹងក្រុមហ៊ុនរបស់ប្រទេសចិន ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាម៉េរិក គោរពតាមគោលការណ៍ទីផ្សារដោយយុត្តិធម៌និងប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មអន្តរជាតិដោយស្មើភាពគ្នា និងសូមបញ្ឈប់រាល់ចេតនាប៉ុនប៉ងជំរុញច្បាប់ ដែលចិនជឿថា អាម៉េរិកអាចនឹងប្រើប្រាស់គ្រប់លេស ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន ។

កាលពីដើមសប្តាហ៍នេះ សភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក បានអនុម័តសំណើរច្បាប់ដែលមានគោលបំណងដាក់កម្រិតលើអាជីវកម្មនានាជាមួយក្រុមហ៊ុនចិន វូស៊ី អ៊ែបថិក (WuXi AppTec), BGI និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរបស់ចិន ពាក់ព័ន្ធនឹងមូលដ្ឋានសន្តិសុខជាតិអាម៉េរិក ។

នេះគឺជាលើកទីមួយ សម្រាប់ការបោះឆ្នោតលើច្បាប់ការពារសន្តិសុខ (Biosecure) ដែលនឹងហាមឃាត់ចំពោះកិច្ចសន្យាសហព័ន្ធ ឬអាជីវកម្មជាមួយក្រុមហ៊ុនជាគោលដៅសង្ស័យ ។ អ្នកគាំទ្រច្បាប់នេះ អះអាងថា នេះជាវិធានការចាំបាច់ ដើម្បីការពារសន្តិសុខផ្ទាល់ខ្លួន និងព័ត៌មានរបស់ប្រជាជនអាម៉េរិក ហើយក៏មានសារៈសំខាន់ក្នុងការការពារខ្សែច្រវាក់ផ្គត់ផ្គង់ឱសថចេញពីការជ្រៀតជ្រែករបស់បរទេស ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Asia Times/ Tech Central/ South China Morning Post/ Reuters/ The Federal