អ៊ុយក្រែន អះអាងថា ខ្លួនបានកំណត់មុខសញ្ញាឧក្រិដ្ឋជនដែលបញ្ជាការវាយប្រហារលើទីតាំងមន្ទីរពេទ្យកុមារ
អ៊ុយក្រែន៖ ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី ទៅលើទីតាំងមន្ទីរពេទ្យកុមារមួយកន្លែងក្នុងទីក្រុងគីវ កាលពីខែកក្កដាកន្លងទៅ ធ្លាប់ត្រូវបានសហគមន៍អន្តរជាតិ សម្តែងការថ្កោលទោសយ៉ាងខ្លាំងចំពោះភាពអមនុស្សធម៌របស់ក្រុមមេបញ្ជាការរុស្ស៊ី ដែលជាអ្នកអនុញ្ញាតឱ្យមានការវាយប្រហារទៅលើទីតាំងជនស៊ីវិលនៅអ៊ុយក្រែន។
ជុំវិញរឿងរ៉ាវនេះដែរ នៅថ្ងៃអង្គារម្សិលមិញ អគ្គរដ្ឋអាជ្ញារបស់អ៊ុយក្រែនបានឱ្យដឹងថា គេបានកំណត់មុខសញ្ញាឧក្រិដ្ឋជនដែលជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារមួយនោះ ថាជាមេបញ្ជាការជាន់ខ្ពស់មួយរូបនៅក្នុងជួរកងទ័ពអាកាសរបស់រុស្ស៊ី។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះ ខាងភ្នាក់ងារសន្តិសុខជាតិផ្ទៃក្នុងរបស់អ៊ុយក្រែន ហៅកាត់ថា SBU បានចេញមុខបញ្ជាក់អត្តសញ្ញាណបុគ្គលរូបនោះថា ជាលោកឧត្តមសេនីយ សឺហ្គេ កូប៊ីឡាស (Sergei Kobylash) ដែលកាលនោះ លោកនៅជាមេបញ្ជាការអង្គភាពកងកម្លាំងដែនអាកាសរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងជាអ្នកដែលគេជឿជាក់ថា បានចេញបទបញ្ជាដោយផ្ទាល់ ឱ្យធើ្វការវាយប្រហារទៅលើមន្ទីរពេទ្យកុមាររបស់អ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារ SBU ដដែល បានបន្តឱ្យដឹងថា បច្ចុប្បន្នលោកកូប៊ីឡាស ត្រូវបានដំឡើងឋានន្តរសក្ដិជាអគ្គមេបញ្ជាកងទ័ពអាកាស ដែលជាតំណែងកំពូលបន្ទាប់ពីលោកពុទីន ខណៈលោកក៏ធ្លាប់ត្រូវតុលាការអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនម្តងរួចមកហើយ កាលពីខែមីនា ក្រោមការសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន រួមមានការអនុវត្តន៍យុទ្ធសាស្រ្តយោធាបំពានលើច្បាប់អន្តរជាតិ ដោយបានផ្តួចផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស មកលើទីតាំងស្ថានីយថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែក ភាគីរដ្ឋាភិបាលរុស្ស៊ីឯណោះវិញ ធ្លាប់បានបដិសេធជារឿយៗ ចំពោះការចោទប្រកាន់នានាពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ដោយបានអះអាងបញ្ជាក់ថា យោធារបស់ខ្លួនពុំដែលមានចេតនាវាយប្រហារលើទីតាំងជនស៊ីវិលនោះឡើយ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Al Jazeera/ Reuters/ Charter97