រុស្ស៊ី តាំងពិព័រណ៍គ្រឿងយុទ្ធោបករណ៍ ដែលទាហានរុស្ស៊ីរឹបអូសបានពីអ៊ុយក្រែន ឱ្យសាធារណជនចូលទស្សនា
រុស្ស៊ី៖ កាលពីចុងសប្តាហ៍កន្លងទៅ ទីក្រុងរ៉ូស្តូ អនដុន (Rostov-on-Don) ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ ដោយមានដាក់តាំងបង្ហាញរថក្រោះរបស់បណ្តាប្រទេសលោកខាងលិច និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតរបស់អ៊ុយក្រែនដែលរឹបអូសបានដោយកងកម្លាំងរបស់រុស្ស៊ី ។
ពិព័រណ៍នេះ នឹងបើកឱ្យសាធារណជនចូលទស្សនារហូតដល់ថ្ងៃទី ២២ ខែកញ្ញា ។ នៅខាងក្រៅកម្មវិធីនេះ ក្រសួងការពារជាតិរុស្ស៊ី ក៏បានរៀបចំជាទីតាំងចុះឈ្មោះជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមជាមួយទាហានជួរមុខ ដែលកំពុងតែប្រយុទ្ធតទល់ជាមួយកងកម្លាំងអ៊ុយក្រែន ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ Reuters មន្ត្រីពលបាលកំពុងជ្រើសរើសកងទ័ព លោក គីរីល ប៉ាក់ខូម៉ូ (Kirill Pakhomov) បានប្រាប់ថា "បន្ទាប់ពីព្រឹត្តិការណ៍ឈ្លានពានរបស់អ៊ុយក្រែន នៅក្នុងតំបន់ឃើស (Kursk) រួចមក ឥឡូវនេះ ចំនួនពលរដ្ឋដែលមានឆន្ទៈចូលរួមជាមួយកងទ័ពបានកើនឡើងជាលំដាប់ ដោយកំណើនអ្នកចុះឈ្មោះ មិនតិចដូចពីមុនឡើយ" ។
ចាប់តាំងពីថ្ងៃទី ៦ ខែសីហា កងកម្លាំងរុស្ស៊ី បាននិងកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ឃើស (Kursk) នៅពេលរដ្ឋធានីគីវ (Kyiv) បានលើកទ័ពមកវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន និងជាការឈ្លានពានដ៏ខ្លាំងបំផុតពីបរទេសចាប់តាំងពីសង្គ្រាមលោកលើកទី២ ។
គួររំឮកថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពុទីន បានបញ្ជាឱ្យមានការកែនពលចំនួន ១៨ម៉ឺននាក់បន្ថែម សម្រាប់ចូលរួមជាមួយទាហានសកម្ម ១,៥ លាននាក់ និងជាលើកទីបី ដែលលោកបានប្រកាសបង្កើនកម្លាំងទ័ព ចាប់តាំងពីចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters