ព័ត៌មានជាតិ

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បន្តហក់ឡើងជិតដល់ចំណុចប្រុងប្រយ័ត្ន ខណៈភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ

image


ស្ទឹងត្រែង៖ ដោយស្ថានភាពធាតុអាកាសនៅតំបន់ភូមិសាស្ត្រខេត្តស្ទឹងត្រែងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើងជាលំដាប់។ ជាក់ស្តែងនៅស្ថានីយ៍ក្រុងស្ទឹងត្រែង នៅវេលាម៉ោង១២:០០ថ្ងៃត្រង់ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ទឹកមានកម្ពស់ ៩,៦០៉ែត្រ ខណៈចំណុចប្រុងប្រយត្ន១០,៧០ម៉ែត្រ។

យោងតាមរបាយការណ៍របស់ លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានបង្ហាញថា ស្ថានភាពកម្ពស់ទឹកនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង១២:០០ថ្ងៃត្រង់ កម្ពស់ទឹកទន្លេមេគង្គ កម្ពស់ប្រកាសអាសន្ន ១១,៣០ម៉ែត្រ និងប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ។

នៅស្ថានីយ៍ ស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មានកម្ពស់ ៩,៥៥ម៉ែត្រ នៅម៉ោង៦ព្រឹក និងថ្ងៃត្រង់កម្ពស់ ៩,៦០ម៉ែត្រ(ឡើង ០,០៥ម៉ែត្រ)។
 
ចំពោះកម្ពស់ទឹកទន្លេសេសាន ដែលត្រូវប្រកាសអាសន្ន ១០,៥០ម៉ែត្រ និងប្រុងប្រយ័ត្ន ៩,៩០ម៉ែត្រ។ នៅស្ថានីយ៍សេសាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹក ៧,៧២ម៉ែត្រ នៅម៉ោង៦ព្រឹក និងនៅថ្ងៃត្រង់កម្ពស់ ៨,១៧ម៉ែត្រ (ឡើង ០,៤៥ម៉ែត្រ)។
 
ដោយឡែកកម្ពស់ទឹកទន្លេសេកុង ដែលត្រូវប្រកាសអាសន្ន ១២ម៉ែត្រ និងកម្ពស់ទឹកប្រុងប្រយ័ត្ន ១១,៥០ម៉ែត្រ។ នៅស្ថានីយ៍សៀមប៉ាង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹក ៧,៦៤ម៉ែត្រ នៅម៉ោង៦ព្រឹក និងថ្ងៃត្រង់កម្ពស់ ៧,៣៨ម៉ែត្រ (ស្រក ០,២៦ម៉ែត្រ)។
    
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសាតែបញ្ហាអាកាសធាតុ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងជាបណ្តើៗ តែទោះបែបនេះក្តី ទឹកទន្លេខេត្តស្ទឹងត្រែង នៅពុំទាន់ដល់ចំណុចប្រុងប្រយត្ននៅឡើយទេ៕



ដោយ៖ ម៉ាក មេត្តា