ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានថា ការបំផ្ទុះឧបករណ៍ទំនាក់ទំនងលើក្រុមហេសបូឡាហ៍ នឹងនាំឱ្យមានជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែខ្លាំង

image


រុស្ស៊ី៖ វិមានក្រឹមឡាំង ព្រមានថា ការវាយប្រហារលើក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ និងការបំផ្ទុះឧបករណ៍ទាក់ទងជាច្រើនផ្សេងទៀត អាចនឹងប្រែក្លាយជាមូលហេតុដែលបណ្តាលឱ្យជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា កើតមានកាន់តែខ្លាំងទៅៗ ហើយវិមានក្រឹមឡាំង បានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដើម្បីវែកមុខអ្នកទទួលខុសត្រូវ និងដើម្បីបង្កាមិនឱ្យកើតមាន ឧបទ្ទវហេតុស្រដៀងគ្នានាពេលអនាគត នៅតំបន់ផ្សេងទៀត ។

ការវាយប្រហារកាលពីថ្ងៃអង្គារ បានធ្វើឱ្យឧបករណ៍ទាក់ទងរបស់ក្រុមហេសបូឡាហ៍រាប់ពាន់គ្រឿង ត្រូវបានផ្ទុះក្នុងពេលគ្នា និងបណ្តាលឱ្យមនុស្ស ១២ នាក់ស្លាប់ និងជិត ៣,០០០ នាក់ផ្សេងទៀតទទួលរងរបួស រួមទាំងក្រុមសកម្មប្រយុទ្ធ និងបេសកជនអ៊ីរ៉ង់ប្រចាំទីក្រុងបេរូត (Beirut) ផងដែរ ។

ប្រភពសន្តិសុខជាន់ខ្ពស់របស់លីបង់ និងប្រភពមួយទៀត បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយអះអាងថា ទីភ្នាក់ងារចារកម្មម៉ូសាដ (Mossad) របស់អ៊ីស្រាអែល បានបង្កប់គ្រឿងផ្ទុះ នៅខាងក្នុងឧបករណ៍ទំនាក់ទំនងរបស់ក្រុមហេសបូឡាហ៍ ចំនួន ៥,០០០ គ្រឿង អស់រយៈពេលជាច្រើនខែមកហើយ មុនពេលបំផ្ទុះព្រមគ្នា កាលពីថ្ងៃអង្គារ ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានរៀបរាប់ថា «អ្វីដែលបានកើតឡើងនាពេលនេះ ប្រាកដណាស់ នឹងនាំឱ្យកើតមានភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែខ្លាំងឡើងៗ ជាក់ជាមិនខានឡើយ» ។

អ្នកនាំពាក្យដដែលរូបនេះ បានលើកឡើងជាបន្តថា "ជាការពិតណាស់ យើងជឿថា ការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើឧបទ្ទវហេតុនេះ គួរតែធ្វើឡើង ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៅពីក្រោយការបំផ្ទុះឧបករណ៍ទំនាក់ទំនង ហើយវែកមុខជនបង្កឱ្យខាងតែបាន" ។

លោក ប៉េស្កូវ (Peskov) បានកត់សម្គាល់បន្ថែមទៀតថា សំណើរឱ្យមានការស៊ើបអង្កេតលើបញ្ហានេះ នឹងជួយឱ្យអ្នកជំនាញអាចកាត់បន្ថយ ឬកម្ចាត់ហានិភ័យដែលអាចនឹងកើតមានឡើងស្រដៀងគ្នា នៅក្នុងប្រទេសរុស្ស៊ី ឬទីកន្លែងផ្សេងៗទៀត ។

ក្នុងពេលដំណាលគ្នា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងផងដែរថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃសង្គ្រាមប្រឆាំងនឹងប្រទេសលីបង់ ដែលបានបង្កបួសស្នាមដល់មនុស្សស្លូតត្រង់រាប់ពាន់នាក់ ។ លោកស្រីបានរៀបរាប់ជាបន្តតាមរយៈសេចក្តីថ្លែងការណ៍មួយ ដោយមានខ្លឹមសារថា "វាហាក់ដូចជាការរៀបចំឱ្យមានការវាយប្រហារដោយចេតនា ដើម្បីបង្កើនការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ និងធ្វើឱ្យសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែពុះកញ្ជ្រោលខ្លាំងឡើង "។

រហូតមកដល់ពេលនេះ ការវាយប្រហារគ្នា បានកើតមានឡើងជាបន្តបន្ទាប់ ខណៈក្រុមហេសបូឡាហ៍ (គាំទ្រដោយប្រទេសអ៊ីរ៉ង់) បានប្តេជ្ញាសងសឹកយោធាអ៊ីស្រាអែល ដែលបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ លើហេតុការណ៍បំផ្ទុះនោះទេ។ ចាប់តាំងពីសង្គ្រាមហាម៉ាស-អ៊ីស្រាអែល បានផ្ទុះឡើងក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ក៏បាននាំឱ្យជម្លោះរវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែល បានកើតមានឡើងឥតឈប់ឈរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect