ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោសការលក់អាវុធរបស់អាម៉េរិកទៅឱ្យកោះតៃវ៉ាន់ និងប្តេជ្ញាប្រើវិធានការប្រឆាំងតបត

image


ចិន៖ នៅថ្ងៃពុធម្សិលមិញ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន លោកលីន ជៀន បានថ្លែងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការជម្នះលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ និងបានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ចប់សកម្មភាពបង្កហេតុរបស់ខ្លួនជាបន្ទាន់ ខណៈចិនបានបន្តព្រមាននឹងប្រើប្រាស់វិធានការឆ្លើយតបឱ្យបានស័ក្ដិសម ប្រសិនបើអាម៉េរិកនៅតែចចេសអនុញ្ញាតឱ្យក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់ខ្លួន បន្តផ្តត់ផ្គង់អាវុធទៅឱ្យកោះតៃវ៉ាន់។

ការថ្លែងរបស់មន្រ្តីចិនរូបនេះ ធើ្វឡើងបន្ទាប់ពីរដ្ឋាភិបាលចិន ទើបបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងតបទៅនឹងក្រុមហ៊ុនផលិតគ្រឿងសព្វាវុធចំនួន ៩ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងយោធាអាម៉េរិក ក្រោយពីអាម៉េរិកបានដំណើរការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់បណ្តាក្រុមហ៊ុនទាំងនោះនៅក្នុងប្រទេសចិន ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោកចូបៃឌិន បញ្ចប់សកម្មភាពដឹកជញ្ជូនគ្រឿងសព្វាវុធទៅឱ្យកោះតៃវ៉ាន់ ខណៈចិនចាត់ទុកទង្វើនេះ ថាជារឿងដ៏គ្រោះថ្នាក់ចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់។

ក្នុងចំណោមក្រុមហ៊ុនឧស្សាហ៍កម្មយោធាធំៗដែលបានរងការទណ្ឌកម្មរបស់ប្រទេសចិន រួមមានក្រុមហ៊ុនផលិតយន្តហោះចម្បាំង Sierra Nevada របស់អាម៉េរិក និងក្រុមហ៊ុន Stick Rudder Enterprises ស្របពេលទណ្ឌកម្មនេះ បានចូលជាធរមានកាលពីថ្ងៃពុធម្សិលមិញ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន។

ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ រដ្ឋាភិបាលចិន បានព្យាយាមជំរុញសហរដ្ឋអាម៉េរិកជារឿយៗ ឱ្យបញ្ចប់សកម្មភាពជ្រៀតជ្រែកមកលើកិច្ចការផ្ទៃក្នុងរបស់ចិន និងបន្ថយការបង្កើតទំនាក់ទំនងផ្លូវការជាមួយក្រុមមេដឹកនាំកោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាក្រុមផ្តាច់ខ្លួនប្រកបដោយគ្រោះថ្នាក់ ចំពោះអនាគតអធិបតេយ្យភាពរបស់ចិន ស្របទៅតាមគោលការណ៍ ”ប្រទេសចិនតែមួយ” ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect