សង្គម

អង្គភាពការពារកុមារ នគរបាលជាតិ និងក្រសួងយុត្តិធម៌​​ សហការគ្នា ពិភាក្សាអំពីបច្ចេកវិទ្យាថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងករណីឧក្រិដ្ឋកម្មអនឡាញប្រឆាំងនឹងកុមារនៅកម្ពុជា

image


ភ្នំពេញ៖ អង្គភាពការពារកុមារ ហៅកាត់ថា ស៊ីភីយូ (CPU) ​រួមជាមួយនរគបាលជាតិ និងក្រសួងយុត្តិធម៌ បានរៀបចំវេទិកាពិភាក្សាអំពីបច្ចេកវិទ្យាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងករណីឧក្រិដ្ឋកម្មអនឡាញប្រឆាំងនឹងកុមារនៅកម្ពុជា ដើម្បីពិភាក្សានិងកំណត់បញ្ហាដែលកើតមានលើករណីឧក្រិដ្ឋកម្មអនឡាញប្រឆាំងនឹងកុមារ។

​វេទិកាពិភាក្សាអំពីបច្ចេកវិទ្យាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងករណីឧក្រិដ្ឋកម្មអនឡាញប្រឆាំងនឹងកុមារនៅកម្ពុជា ​ធ្វើឡើងរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ​ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជាធានីភ្នំពេញ ដោយមានការចូលរួមពីនគរបាលយុត្តិធម៌ កងរាជអាវុធកម្ពុជា មន្ត្រីមកពីក្រសួងយុត្តិធម៌ និងអ្នកជំនាញអន្តរជាតិក្នុងវិស័យនេះ។

វេទិកាផ្នែកច្បាប់អន្តរជាតិលើកយកប្រធានបទជាច្រើនក្នុងប្រព័ន្ធយុត្តិធម៌ដោយរាប់ចាប់ពីរបៀបធ្វើកោសល្យវិច្ច័យឌីជីថល និងការប្រមូលភស្តុតាងតាមអនឡាញដើម្បីធ្វើការសម្ភាសយ៉ាងមានប្រសិទ្ធភាព និងការថែទាំកុមាររងគ្រោះនៅក្នុងប្រព័ន្ធតុលាការ។ វេទិកានេះទៀតសោតក៏បង្ហាញអំពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការពារជនស្លូតត្រង់ និងនាំជនល្មើសមកផ្ដន្ទាទោស។

ថ្លែងនៅក្នុងឱកាសនេះ លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ ហៅកាត់ថា CPU បានលើកឡើងថា «ការបំពានផ្លូវភេទលើកុមារតាមអ៊ីនធឺណិតគឺជាបញ្ហាសកលហើយប្រទេសកម្ពុជាគឺជាផ្នែកនៃសហគមន៍នគរបាលពិភពលោកដែលកំពុងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ»។

នាយកប្រតិបត្តិអង្គភាពការពារកុមារ បានគូសបញ្ជាក់ថា វេទិកានេះមានគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនគរបាល និងធ្វើឱ្យពួកគេយល់ដឹងអំពីបច្ចេកវិទ្យាដែលអាចជួយពួកគេក្នុងវិស័យប្រឈមនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលើអ៊ីនធឺណិតប្រឆាំងនឹងកុមារ។

ក្នុងគ្រាដដែលនេះ លោកឧត្តមសេនីយ៍ឯក មួង សុធា នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានថ្លែងអំណរគុណចំពោះលោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ CPU ដែលតែងតែខិតខំរកជំនួយជួយដល់នរគបាលជាតិកម្ពុជា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក មួង សុធា បានចាត់ទុកវេទិកាពិភាក្សាអំពីបច្ចេកវិទ្យាថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងករណីឧក្រិដ្ឋកម្មអនឡាញប្រឆាំងនឹងកុមារនៅកម្ពុជា ជាវេទិកាមានសារៈសំខាន់ មួយក្នុងការផ្លាស់ប្តូរនូវបទពិសោធ និងចំណេះដឹងថ្មីៗអំពីបច្ចេកទេសស៊ើបអង្កេតទំនើបៗ និងកោសល្យវិច័យដល់មន្ត្រីនគរបាលយុត្តិធម៌កម្ពុជា។

សូមជម្រាបជូនថា អង្គភាពការពារកុមារ ហៅកាត់ថា ស៊ីភីយូ (CPU) បានបង្កើតឡើងនៅឆ្នាំ២០១៣ ដើម្បីស៊ើបអង្កេតរាល់ឧក្រិដ្ឋកម្មធ្ងន់លើកុមារនៅកម្ពុជានិងអាស៊ីអាគ្នេយ៍។ ហើយនៅឆ្នាំ២០១៩ CPU បានបង្កើតអង្គភាពឯកទេសដំបូងគេក្នុងប្រទេសកម្ពុជាដើម្បីដោះស្រាយការគំរាមកំហែងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកុមារ ដែលកំពុងតែរីករាលដាលកាន់ តែខ្លាំងឡើងៗដូចជាការចែកចាយសម្ភាររំលោភបំពានផ្លូវភេទលើកុមារ។
ចាប់តាំងពីពេលនោះមក ក្រុមការងារឧក្រិដ្ឋកម្មអ៊ីនធឺណិតប្រឆាំងនឹងកុមារ (ICAC) បានបើកការស៊ើបអង្កេតចំនួន១១៨ជុំវិញករណីឧក្រិដ្ឋកម្មអ៊ីនធឺណិតប្រឆាំងនឹងកុមារ៕

អត្ថបទ៖ សុភៈនារី
រូបភាព៖ CPU