មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបញ្ជាឱ្យចាប់ទូកឈើលោតឆ័ត្រ ០១គ្រឿង នៅស្រុកសំបូរ ប្រគល់ជូនជំនាញដ្ឋបាលព្រៃឈើ
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្តខេត្តក្រចេះបានបញ្ជាកម្លាំងក្រោមឱវាទ ចុះបង្រ្កាបទូកដឹកឈើ០១គ្រឿងនៅក្នុងទន្លេ ស្ថិតចំនុចភូមិតាងួន ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងប្រតិបត្តការបង្រ្កាបនេះគឺកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកសំបូរ ចុះទៅប្រទះឃើញទូកដឹកឈើ១គ្រឿងពេញប្រៀប ហើយធ្វើការបង្រ្កាបតែម្ដងកាលពីថ្ងៃ២២ វិច្ឆិកា ឆ្នាំ២០១៩។

មន្រ្តីអាវុធហត្ថឱ្យដឹងថា នៅពេលកម្លាំងចុះទៅដល់កន្លែងបង្រ្កាបនោះ ក្រុមឈ្មួញបានលោតទឹកគេចខ្លួនបាត់អស់មិនស្គាល់អត្តសញ្ញាណម្ចាស់ឈើទេ។

បច្ចប្បន្នឈើនិងទូកមួយគ្រឿងនោះត្រូវបានកម្លាំងកំពុងនាំយកមកប្រគល់ជូនឲ្យរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនិតិវិធីច្បាប់រដ្ឋបាលព្រៃឈើ។

បើយោងតាមប្រភពបែកធ្លាយពីក្រុមរកស៊ីដឹកឈើតាមទូកនិងអ្នកជំនាញផ្នែករត់ការបានខ្សឹបគ្នាថា ទូកឈើនោះជារបស់ លោកធូ ខ្មែរឥស្លាម ដែលកន្លងមករកស៊ីដឹកបានយ៉ាងមានប្រសិទ្ធិភាព ប៉ុន្តែលើកនេះដឹកមិនបានសម្រេចដោយមានបញ្ជាដាច់ខាតពីឧត្ដមសេនីយ៍ត្រី សាន្ត  ប៊ុនថាន មេបញ្ជាការខេត្ត កុំអីឈើនេះនឹងធ្លាយហូរតាមទន្លេដល់ស្រុកខេត្តផ្សេងបាត់ស្រមោលទៅហើយ។

ប្រភពផ្សេងទៀតបន្តថា ការចរាចរណ៍ឈើតាមផ្លូវទឹកនេះគឺមិនមានតែលោកធូរ  ម្នាក់តែប៉ុណ្ណោះទេ តែមានថៅកែជាច្រើន ប៉ុន្តែគេចេះ លំអោនកាយថ្វាយបង្គំចចារ រ៉ាក់ទាក់រុះរាយមិនលោតឆ័ត្រ ទើបមានប្រសិទ្ធិភាព។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី ក៏បានបង្ក្រាបបានទូកឈើ១គ្រឿងផងដែរ។

ដោយឡែកសម្រាប់ផ្លូវគោកវិញ ក្នុងខេត្តក្រចេះ ផ្លូវ៧៣ ក៏មានថៅកែឈើស្រីល្បីៗ កំពុងដឹកឈើបានយ៉ាងរលូន កាត់ផ្លូវមាត់ទន្លេនិងឆ្លងដរចម្លងឬស្សីចារ ប៉ុន្តែមិនមានការបង្ក្រាប ជាពិសេសក្បែរស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ នោះតែម្ដង គឺចាំតែឆ្អិនស្រាប់ មិនចម្អិនខ្លួនឯង ។

បើយោងតាមប្រភពប្រជាពលរដ្ឋដឹកក្ដារបន្តិចបន្តួចបានរអ៊ូរថា ពួគាត់ពិបាកណាស់ក្នុងការដឹកយកមកធ្វើផ្ទះ ប៉ុន្តែថៅកែស្រីៗនៅក្រចេះដឹកផ្អើលផ្លូវមាត់ទន្លេ ឆ្ពោះតាមផ្លូវ៧៣ ស្រុកឆ្លូង មិនមានការឃាត់សួរនាំ ដោយសារថៅកែស្រីទាំងនោះ មានខ្សែវល្លិ៍ ខ្នងក្រាស់ៗ ទើបមន្ត្រីមិនហ៊ានបង្ក្រាប ជាពិសេសកម្លាំងចម្រុះដែលឈរជើងនៅស្រុកឆ្លូង ដែលមានគណកម្មាការបង្ក្រាបបទល្មើសដែលប្រចាំការរៀងរាល់យប់ តែមិនបង្ក្រាប ។

សូមបញ្ជាក់ថា កន្លងមក លោកឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្ត ធ្លាប់បានព្រមានថា នឹងមិនយោគយល់សាច់ញាត្តិខ្សែវល្លិ៍អីទេ បទល្មើសត្រូវបង្ក្រាប ហើយចាប់ទាំងមនុស្សនិងវត្ថុតាង បញ្ជូនទៅតុលាការ ដោយយោងតាមបទបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ដោយ៖នាង  ចន្ថា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation