អ្នកកាត់តម្នាក់នៅហុងកុង ជាប់ពន្ធនាគារ ២១ ខែពីបទបះបោរ ខណៈម្នាក់ទៀតត្រូវដោះលែង ព្រោះមានបញ្ហាសុខភាព
ហុងកុង៖ តុលាការហុងកុង នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានកាត់ទោសអតីតអ្នកកាត់តមួយរូប ឱ្យជាប់ពន្ធនាគាររយៈពេល ២១ ខែ ក្រោយរកឃើញថាមានពិរុទ្ធពីបទសមគំនិតក្នុងការបោះពុម្ពផ្សាយអត្ថបទជំរុញឱ្យមានការបះបោរ ដោយសេចក្តីសម្រេចនេះរងការរិះគន់ជាអន្តរជាតិ ។ ខណៈមួយរូបផ្សេងទៀត ដែលជាប់ពិរុទ្ធដូចគ្នានោះ ទទួលបានការដោះលែងភ្លាមៗ ដោយសារតែពិរុទ្ធជនមានបញ្ហាសុខភាព ។
កាលពីខែមុន លោក ជុង ពុយគៀន (Chung Pui-kuen) និងលោក ផាទ្រីក ឡាំ (Patrick Lam) ជាអ្នកកាត់តរបស់បណ្តាញសារព័ត៌មាន ស្ទែន ញូវ (Stand News) ត្រូវតុលាការចោទប្រកាន់ពីបទបះបោរ និងញុះញង់ឱ្យមានការប្រឆាំងនឹងរដ្ឋអាជ្ញារ ហើយនេះជាលើកទី១ ដែលអ្នកសារព័ត៌មានរងពិរុទ្ធពីការបះបោរ ចាប់តាំងពីអង់គ្លេសប្រគល់ទីក្រុង ហុងកុង ទៅឱ្យចិន ក្នុងឆ្នាំ ១៩៩៧ ។
ទន្ទឹមនឹងនេះ លោក ជុង (Chung) ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ២១ ខែ ខណៈលោក ឡាំ (Lam) ទទួលបានការអនុញ្ញាតិឱ្យនៅក្រៅឃុំ ដោយសារតែបញ្ហាសុខភាព។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញលោក ឡាំ (Lam) ចាកចេញពីអគារតុលាការដោយភាពស្ងៀមស្ងាត់ ដំណាលគ្នានឹងពេលដែលលោក ជុង (Chung) ត្រូវបានអមដំណើរទៅកាន់រថយន្តពន្ធនាគារ ។
គួររំឮកថា នៅខែធ្នូ ឆ្នាំ ២០២១ បណ្តាញសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ ស្ទែនញូវ (Stand News) ត្រូវសមត្ថកិច្ចឆ្មក់ចូលក្នុងស្ថាប័ន ខណៈទ្រព្យសម្បត្តិក៏ត្រូវបង្កក រហូតឈានដល់ការបិទទ្វាស្ថាប័នថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters