ព័ត៌មានអន្តរជាតិ

លោកដូណាល់ត្រាំ គ្រោងជួបពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែន ខណៈលោកបានអួតអាងអំពីផែនការតទល់ជាមួយអ៊ីរ៉ង់

image


សហរដ្ឋអាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកនឹងត្រូវជួបពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីហ្សេលេនស្គី នៅឯវិមានអាណាចក្ររបស់លោក ស្ថិតក្នុងបុរីញូវយ៉ក នៅវេលាថ្ងៃសុក្រនេះ ស្របពេលបណ្តាក្រុមមេដឹកនាំពិភពលោកកំពុងមានវត្តមាននៅសហរដ្ឋអាម៉េរិកក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ៕

នៅក្នុងសេចក្តីប្រកាសខាងលើ លោកត្រាំក៏បានបន្តអួតអាងអំពីផែនការដើម្បីតទល់ជាមួយនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីលោកទើបបានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយករណីប៉ុនប៉ងឃាតកម្មទៅលើរូបលោក។

ជុំវិញរឿងនេះ លោកត្រាំបាននិយាយថា លោកចង់បង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងគោលបំណងដើម្បីបញ្ចប់ស្ថានភាពជាសត្រូវ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនៅពេលខាងមុខ ប៉ុន្តែលោកមិនបានលម្អិតថា តើកិច្ចព្រមព្រៀងនោះនឹងមានលក្ខណៈបែបណានោះទេ៕

គួរជម្រាបថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនាឱកាសមហាសន្និបាតអង្គការសហប្រជាជាតិ មានក្រុមមេដឹកនាំពិភពលោកសំខាន់ៗជាច្រើនបានស្កាត់ជួបជជែកជាមួយលោកដូណាល់ត្រាំ ស្របពេលលោកត្រូវបានគេរំពឹងថា នឹងអាចឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់អាម៉េរិកជាថ្មីឡើងវិញនៅក្នុងខែវិច្ឆិកាខាងមុខ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ AP