ព័ត៌មានជាតិ

សម្ដេច ស ខេង សូមថ្លែងនៅការកោតសរសើរចំពោះប្រជាពលរដ្ឋ និងសមត្ថកិច្ច នាំគ្នាទប់ស្កាត់ ឧបាយកលទណ្ឌិត សម រង្សី

image

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណ៣០០០នាក់។

ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “សូមថ្លែងនៅការកោតសរសើរចំពោះ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលបានចូលរួមជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការទប់ស្កាត់ និងធ្វើឲ្យបរាជ័យនៅឧបាយកលដ៏ពិសពុលរបស់ពួកក្បត់ដឹកនាំ ដោយទណ្ឌិត សម រង្សី និងបក្សពួក ដែលបានប្រមាថព្រះមហាក្សត្រជាទីសក្ការៈ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលថ្មីៗនេះ”។

សម្ដេច អះអាងថា រាជរដ្ឋាភិបាលបន្តរក្សា បានរឹងមាំនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ និង បង្កលក្ខណៈដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក្លា បន្តលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសកម្មភាពធុរកិច្ចគ្រប់ផ្នែកកាន់តែមានភាពប្រសើរថែមទៀត ។

សូមរំលឹកថា ក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានកំណត់យកថ្ងៃទី៩ វិច្ឆិកា ចំថ្ងៃនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមនៅកម្ពុជា។ក៏ប៉ុន្តែផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហាររបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នៅថ្ងៃ៩ វិច្ឆិកា បានទទួលបរាជ័យទាំងស្រុង៕ដោយ៖ឃឹម វិសាល


ព័ត៌មានទាក់ទង...